ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ កាលពីថ្ងៃចន្ទ នេះ យ៉ាងហោចណាស់មនុស្ស ៥០នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបោកបក់ភាគកណ្តាលប្រទេសចិន កាលពីចុងខែកក្កដា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤។

យោងតាមទូរទស្សន៍រដ្ឋ CCTV បានឱ្យដឹងថា មនុស្ស ១៥នាក់ផ្សេងទៀតនៅតែបាត់ខ្លួននៅក្នុងទីក្រុង Zixing ក្នុងខេត្ត Hunan របស់ប្រទេសចិន។
ទូរទស្សន៍រដ្ឋ CCTV បានបង្ហាញថា «ភូមិនានានៅក្នុងតំបន់រងគ្រោះដោយគ្រោះមហន្តរាយនៃទីក្រុង Zixing ទទួលបានការផ្គត់ផ្គង់ទឹក អគ្គិសនី មានទំនាក់ទំនងតភ្ជាប់ល្អ និងមានការស្ដារផ្លូវថ្នល់។ អ្នកស្រុកដែលរងផលប៉ះពាល់ ក៏ត្រូវបានគេតាំងទីលំនៅនៅទីទួលសុវត្ថិភាពយ៉ាងត្រឹមត្រូវផងដែរ»។

ភ្លៀងធ្លាក់នៅចុងខែកក្កដា ត្រូវបានបង្កឡើងដោយព្យុះទីហ្វុង Gaemi ដែលបានធ្វើដំណើរពីប្រទេសហ្វីលីពីន និងតៃវ៉ាន់ បោកបក់មកលើតំបន់ដីគោកក្នុងប្រទេសចិន ដោយបានបោកបក់មកលើតំបន់ភ្នំខ្ពស់ៗ និងជាតំបន់ដាច់ស្រយាលនៃខេត្តហ៊ូណានផងដែរ។
ជាមួយគ្នា អាជ្ញាធរបានជម្លៀសមនុស្សជិត ៣០០,០០០នាក់ និងបានផ្អាកការដឹកជញ្ជូនសាធារណៈនៅទូទាំងភាគខាងកើតប្រទេសចិនកាលពីខែមុន។

នាពេលថ្មីៗនេះ ប្រទេសចិន បានជួបប្រទះនឹងរដូវក្ដៅនៅភាគខាងជើង និងភ្លៀងធ្លាក់ខ្លាំងពាសពេញភាគខាងកើត និងភាគខាងត្បូង ដែលភាគច្រើនបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។
ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Shaanxi ភាគខាងជើងកាលពីខែមុន បានបណ្តាលឱ្យស្ពានផ្លូវហាយវេមួយបានដួលរលំដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៨នាក់។
សូមជម្រាបថា ប្រទេសចិន គឺជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតរបស់ពិភពលោក ដែលជំរុញឱ្យមានការប្រែប្រួលអាកាសធាតុ និងធ្វើឱ្យអាកាសធាតុអាក្រក់កាន់តែញឹកញាប់ និងខ្លាំងឡើងៗ៕

