សិល្បៈជាតិ៖ កញ្ញា ស៊ីន យូប៊ីន បានបង្ហាញក្នុងនាមជាទូតសុច្ឆន្ទៈចូលរួមផ្សព្វផ្សាយអំពីមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ដោយកញ្ញាបានលើកយកចំណុចសំខាន់ៗមកបញ្ជាក់ប្រាប់ទៅកាន់យុវផលិតករជំនាន់ក្រោយ។


ថ្មីនេះៗ កញ្ញា ស៊ីន យូប៊ីន បានបង្ហើបបញ្ជាក់ប្រាប់ថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ កំពុងទទួលពាក្យចូលរួមប្រកួត ដែលមហោស្រពភាពយន្តលំដាប់ជាតិមួយនេះរៀបចំឡើងដោយនាយកដ្ឋានសិល្បៈ និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងគោលបំណងជំរុញលើកទឹកចិត្តឱ្យយុវជនអភិវឌ្ឍសមត្ថភាព និងបញ្ចេញគំនិតច្នៃប្រឌិតដើម្បីបោះជំហានក្លាយទៅជាផលិតករភាពយន្តខ្នាតធំនិងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យភាពយន្តជាតិ។
យ៉ាងណាមិញ លក្ខខណ្ឌសំខាន់ដែលយុវផលិតករជំនាន់ក្រោយត្រូវមាន និងចង់ចូលរួមជាមួយមហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជា កញ្ញា ស៊ីន យូប៊ីន បានបញ្ជាក់ពី ៣ ចំណុចរួមមាន៖
1-សាច់រឿងត្រូវឆ្លុះបញ្ចាំងអំពីទិដ្ឋភាពសង្គមបង្ហាញដោយអត្តសញ្ញាណជាតិទាក់ទងទៅនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ហើយសាច់រឿងត្រូវមានការច្នៃប្រឌិតបង្កើតថ្មី ស្នាដៃដែលអាចចូលរួមបានត្រូវតែផលិតនិពន្ធនិងដឹកនាំរឿងដោយជនជាតិខ្មែរ។
2-វីដេអូត្រូវផលិតក្រោយខែ មករា ឆ្នាំ២០២២ មិនលើសពី ៣០នាទី រួមបញ្ចូល Ending Credit ។
3- អ្នកទាំងអស់គ្នាអាចផលិតជាភាពយន្តហ្វីកហ្សិន ភាពយន្តឯកសារ ភាពយន្តគំនូរជីវចលដែលមានទម្រង់ជាឌីជីថល ហើយមានចំណងជើងរងជាភាសាអង់គ្លេស ហើយវីដេអូនោះគឺពុំធ្លាប់ ប្រកួតនៅក្នុងមហោស្រពភាពយន្តខ្នាតខ្លីក្នុងពេលកន្លងមកនោះទេ។
គួររំលឹកដែរថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី២៥ដល់ថ្ងៃទីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ នៅសាលសន្និសីទចតុម្មុខ និងតាមរោងភាពយន្តមួយចំនួន នៅរាជធានីភ្នំពេញ៕

