ភ្នំពេញ៖ នៅថ្ងៃទី២០ ខែសីហាឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនអតីតព្រះសង្ឃ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម លើនារីម្នាក់ រឿងភ្លើង ប្រចណ្ឌ បច្ចុប្បន្នសំណរឿងនេះកំពុងស្ថិតនៅក្រោមការសាកសួររបស់លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង កំពុងចាត់ការ។

ជនសង្ស័យឈ្មោះ ហឿន វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុងវត្តថាន់ ផ្លូវនរោត្តម កុដ្ឋលេខ០៣ បន្ទប់លេខ២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ករណី ប៉ុនប៉ងឃាតកម្ម (ប្រើកាំបិតបុ័ងតោកាប់)នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៥ និង ៣០នាទី ទៀបភ្លឺ នៅចំណុចក្នុងវត្តថាន់ ផ្លូវព្រះនរោត្តម ស្ថិតនៅក្រុម៣៨ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សេង សេតម្ពរ ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅបណ្តោះអាសន្នជាមួយយាយដែលជាដូនជីក្នុងវត្តថាន់ ស្ថិតនៅក្រុម៣៨ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ  រងរបួសធ្ងន់ ដាច់រយះក្បាលជាច្រើនកន្លែង ព្រមទាំងដាច់រយះចង្កាធ្ងន់ និង ដាច់រយះលើផ្ទៃបាតដៃ (កំពុងសង្គ្រោះបន្ទាន់មន្ទីពេទ្យព្រះអង្គឌួង)។

ដោយមានកិច្ចសហការពី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ,កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងនាយកដ្ឋានច្រកទ្វារទី១ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ នៅច្រកព្រំដែនកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃដដែល ។

វត្ថុតាងចាប់យកបាន ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE ពណ៌ស (ជារបស់ជនរងគ្រោះ) សម្ភារផ្សេងៗមួយចំនួន បន្ទាប់ពីធ្វើការសាកសួរ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ឃើញថា ករណីនេះកើតឡើងដោយ ការប្រចណ្ឌ ដោយជនរងគ្រោះ និងជនសង្ស័យបាន ស្រលាញ់គ្នាអស់រយៈពេល ០២ឆ្នាំមកហើយ ក្នុងរយៈពេលថ្មីៗនេះ ជនរងគ្រោះបានទាក់ទងគ្នាជាមួយអ្នកផ្សេង ជាហេតុធ្វើឲ្យជនសង្ស័យប្រចណ្ឌ និងខឹងគុំកួនជាមួយជន រងគ្រោះជាខ្លាំង ទើបមានគំនិតប៉ុនប៉ងសម្លាប់ជនរងគ្រោះតែម្តង ដោយនៅថ្ងៃកើតហេតុ ជនសង្ស័យបានដាក់កាំបិតបុ័តតោជាប់ខ្លួន លុះពេលបានជួបជាមួយជនរងគ្រោះ ក៏បានដកកាំបិតបុ័ងតោចេញ កាប់ទៅលើជនរងគ្រោះតែម្តង ៕

អត្ថបទ៖ ចតុម្មុខ

Share.