ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿង ជិះដោយយុវជនម្នាក់មានឌុបព្រះសង្ឃមួយអង្គផង កំពុងធ្វើដំណើរត្រូវបានរថយន្តCRVបើកបុក បណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវនរោត្តម កែងផ្លូវ១០៨ សង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BO-0563 ជិះដោយយុវជនម្នាក់ មានឌុបព្រះសង្ឃមួយអង្គផង ធ្វើដំណើរតាមបណ្តោយផ្លូវនរោត្តម ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តCRV ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2I-2381 បើកតាមផ្លូវ១០៨ ពីកើតទៅលិច ជ្រុលបុកពីទទឹងម៉ូតូ បណ្តាលឱ្យយុវជនម្នាក់ និងព្រះសង្ឃមួយអង្គ រងរបួសធ្ងន់។

ក្រោយកើតហេតុ ជនរងគ្រោះ និងព្រះសង្ឃ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យអង្គឌួងដឹកយកទៅព្យាបាល ចំណែកអ្នកបើកបររថយន្ត ក៏បានទៅតាមជួយមើលដល់មន្ទីរពេទ្យផងដែរ ។ រីឯរថយន្តនិងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍៕

អត្ថបទ៖ តាតុងសែនជ័យ

