ស៊ីដនី ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយនាថ្ងៃអង្គារ សប្ដាហ៍នេះថា អូស្ត្រាលី និងឥណ្ឌូណេស៊ី បានយល់ព្រមលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលអនុញ្ញាតឱ្យយោធាអូស្ត្រាលី និងឥណ្ឌូណេស៊ី ធ្វើប្រតិបត្តិការពីប្រទេសទៅវិញទៅមក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤។

លោក Albanese បានប្រាប់សន្និសីទសារព័ត៌មានរួមនៅទីក្រុង Canberra ជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto ថា «សន្ធិសញ្ញានោះ នឹងក្លាយជាផែនការដ៏សំខាន់មួយសម្រាប់ប្រទេសរបស់យើងទាំង២ ដើម្បីគាំទ្រផ្នែកសន្តិទៅវិញទៅមក ដែលមិនត្រឹមតែសមខានសំខាន់សម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ស្ថិរភាពនៃតំបន់ផងដែរ»។

អូស្ត្រាលី និងឥណ្ឌូណេស៊ី មានព្រំប្រទល់ដែនសមុទ្ររួមគ្នាប្រវែងវែងជាងគេបំផុតលើពិភពលោក ហើយបានសហការគ្នារួចហើយលើបញ្ហាមួយចំនួន រួមទាំងសន្តិសុខ ការជួញដូរមនុស្ស និងការរត់ពន្ធគ្រឿងញៀន។
បើតាមរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បាននិយាយថា «ផែនទីពិតជាកំណត់ថា អូស្ត្រាលី និងឥណ្ឌូណេស៊ី ជាប្រទេសជិតខាងបំផុត និងមានជោគវាសនារួមគ្នា ប៉ុន្តែចាប់ពីពេលនេះតទៅ ជោគវាសនាត្រូវបានកំណត់ដោយការជឿទុកចិត្តជាយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅ»។

អូស្ត្រាលីបានវាយលុកកិច្ចព្រមព្រៀងការពារជាតិជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសសម្ព័ន្ធភាពយោធា AUKUS ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលបានធ្វើឱ្យចិនមានការខឹងសម្បារ។
លោក Prabowo បាននិយាយនៅក្នុងវេទិកាមួយកាលពីខែវិច្ឆិកា ឆ្នាំមុនថា ប្រទេសឥណ្ឌូណេស៊ី បានប្តេជ្ញាចិត្តចំពោះគោលនយោបាយមិនចូលបក្សសម្ព័ន្ធរបស់ខ្លួន ហើយថានឹងរក្សាទំនាក់ទំនងល្អជាមួយប្រទេសចិន និងសហរដ្ឋអាមេរិក៕

