ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូហុងដាឌ្រីមសង់ពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឱ្យមានអ្នករងរបួសធ្ងន់ស្រាល៣នាក់ កាលវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២០ខែសីហាឆ្នាំ ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ ម៉ូតូម៉ាកហុងដាឌ្រីមសង់០១៨ពណ៌ខ្មៅពាក់ស្លាកលេខ ព្រៃវែង1N-4953 ជិះដោយបុរសម្នាក់ឌុបកូនប្រុសអាយុប្រហែល៤ឆ្នាំនៅខាងក្រោយធ្វើដំណើរតាមផ្លូវបេតុងចេញពីបុរីជិះឆ្លងផ្លូវ៥០ម៉ែត្រម៉ែត្រ ខណៈជិះឆ្លងបានជាងពាក់កណ្ដាលចំណែកនៃផ្លូវ ក៏មានម៉ូតូមួយគ្រឿងម៉ាកហុងឌ្រីមសង់០១៧ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1K-4189ជិះដោយយុវជនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនក៏ជ្រុលបុកម៉ូតូជិះឆ្លងផ្លូវយ៉ាងពេញលំហឹងបណ្ដាលរងរបួសធ្ងន់ស្រាលបីនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យចំណែកម៉ូតូរងខូចខាតទាំងសងខាងយ៉ាងដំណំ។

ក្រោយកើតហើយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសបានចុះមកដល់កន្លែងកើតហេតុជួយសម្រួលចរាចរណ៍ធ្វើការបាញ់ថ្នាំយកម៉ូតូទាំងពីរគ្រឿងដាក់អែបខាង បន្ទាប់មកដោយភាគីទាំងសងខាងព្រមព្រៀងគ្នាយកម៉ូតូទៅជួសជប់រៀងៗខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

អត្ថបទ៖ សេង សាវី

