សិល្បៈជាតិ៖ ដំណឹងចុងក្រោយនេះ សារព័ត៌មានត្រយងទទួលបានមកឱ្យដឹងថា នាពេលថ្មីៗនេះ​មានសិល្បករឆ្នើមក្រោមអាយុ ៤០ ឆ្នាំ ៤ រូប មានស្នាដៃសិល្បៈខ្ពស់ទទួលបានពានរង្វាន់ឆ្នើមតាមផ្នែកនីមួយៗ និងខុសៗគ្នា ចង់ដឹងថាតារាសិល្បកររូបណាខ្លះ និងទទួលបានពានរង្វាន់អ្វីខ្លះនោះ តស់មកតាមដានទាំងអស់គ្នា៖

១-តារាសម្ដែងឯកស្រី កញ្ញា ស៊ីន យូប៊ីន

កញ្ញា ស៊ីន យូប៊ីន បានទទួលពានរង្វាន់ Prestige’s 40 under 40 ក្នុងនាម Award Winning Actress ដែលនេះគឺជាពានបន្ទាប់ក្នុងឆ្នាំ ២០២៤ដែលកញ្ញាទទួលបាន។ យូប៊ីន ធ្លាប់បានទទួលពានរង្វាន់ Inspirational women Hall of Fame Award ពីកម្មវិធី The HOFS Award 2024 នៅប្រទេស សិង្ហបុរី ដែលពានរង្វាន់នេះផ្តល់ដល់អ្នកដែលមានទេពកោសល្យច្រើនផ្នែកនិងមានសមិទ្ធិផលការងារដែលគេទទួលស្គាល់ច្រើន ព្រមទាំងជាបុគ្គលដែលធ្វើជាគំរូរដល់អ្នកដទៃ កាលពីអំឡុងខែឧសភាកន្លងមក ។

២-លោក អូលីវ៉ា គង់

អ្នកជំនាញច្នៃម៉ូដនៅកម្ពុជារូបនេះ បានទទួលពានរង្វាន់ Prestige’s 40 under 40 តំណាងឱ្យអ្នកច្នៃម៉ូដ គ្រូបង្ហាត់ម៉ូដ នឹងជាស្ថាបនិកកម្មវិធី Cambodia’s Queen of The Catwalk ដែលទួលបានជោគជ័យនិងសមត្ថិផលជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។

៣-តារាចម្រៀងកញ្ញា នីគី នីគី

កញ្ញា សួន សុជាតិ ឬជាតារាចម្រៀង នីគី នីគី បានទទួលពានរង្វាន់ Prestige’s 40 under 40 ក្នុងនាមជា Recording Artist យ៉ាងមានស្នាមញញឹម។ កញ្ញាបានបញ្ជាក់នៅក្នុងវីដេអូរបស់ខ្លួនថា នេះជាឆ្នាំទី ២ ហើយដែលកញ្ញាទទួលបានពានរង្វាន់លំដាប់អន្តរជាតិ ដែលកាលពីឆ្នាំមុននេះកញ្ញាបានទទួលពានរង្វាន់ពីកម្មវិធី Vietnam International Junior Fashion Week នៅប្រទេសវៀតណាម។  

៤-តារាចម្រៀង និងជាអ្នកនិពន្ធ ម៉ុង ម៉ានិត

តារាចម្រៀង ម៉ានិត បានទទួលពានរង្វាន់ពី Prestige’s 40 under 40 ក្នុងនាមជាសហគ្រិនជោគជ័យវ័យក្មេងដែលជាស្ថាបនិក និងនាយកប្រតិបត្តិ នៃគ្រឹះស្ថានបោះពុម្ព និងហាងស្រលាញ់សៀវភៅ។ អស់ ៩ឆ្នាំហើយដែលលោកបានដើរលើវិថីមួយនេះពីចំណុចសូន្យ និងបានផ្លាស់ប្ដូរវិស័យអំណានកម្ពុជា និងនាំស្នាមញញឹមដល់អ្នកអានរបស់យើង ព្រមទាំងសហគមន៍និពន្ធ និងអំណាន។

គួររំលឹកដែរថា ការប្រគល់ពាន Prestige’s 40 under 40 នេះត្រូវបានរៀបចំឡើងដោយទស្សនាវដ្ដី Prestige Cambodia ដើម្បីប្រគល់រង្វាន់ជូនតារាសិល្បៈជាបុគ្គលជោគជ័យ និងសហក្រិនឆ្នើមចំនួន ៤០ រូប ដែលមានអាយុក្រោយ ៤០ ឆ្នាំ និងត្រូវបានប្រគល់ពានដោយឥស្សរជនជាន់ខ្ពស់គឺលោកជំទាវ យឹម ឆៃលីន ៕

Share.