ពានរង្វាន់យុវជនអាយុក្រោម ១៦ឆ្នាំ ឆ្នាំ២០២៤ បានបញ្ចប់ការប្រកួតសប្តាហ៍ទី១២ ហើយ ខណៈក្រុមវិសាខា អាយុក្រោម ១៦ឆ្នាំ អាចរក្សាបានកំណត់ត្រាសំខាន់ៗ ក្នុងពានយុវជនអាយុក្រោម១៦ឆ្នាំ ត្រឹមសប្តាហ៍ទី១២។

សារព័ត៌មានត្រយង សូមជម្រាបជូនប្រិយមិត្តពីរឿងសំខាន់ទាំង ៣ដូចតទៅ៖

  • ទី១) ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់​វិសាខា គឺ​ជាក្រុម​តែ​មួយគត់​ដែល​រក្សាជ័យ​ជម្នះ​បាន​វែង​ជាងគេ នៃការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ U16 Cambodian Youth League 2024 បន្ទាប់​ពី​យក​ឈ្នះលើក្រុមម្ចាស់ផ្ទះ U16 អាយ អេស អាយ ដង្កោសែនជ័យ ៣-១ គិតត្រឹមជុំទី២ សប្ដាហ៍ទី១២ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។
  • ទី២) ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់​វិសាខា ជាក្រុមដែលគ្មានពិន័យកាតក្រហមសោះ ត្រឹមសប្តាហ៍ទី១២ នេះ ខណៈកាតដែលលោកអាជ្ញាកណ្តាល បានចាយសរុបកើនដល់ ១៩៩សន្លឹក ក្នុងនោះមានក្រហម ២០សន្លឹក។
  • ទី៣) ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់​វិសាខា ជាក្រុមដែលរក្សាសំណាញទីបានច្រើនជាងគេចំនួន ៥លើក ដោយក្នុងនោះកីឡាករ មុត រក្សា រក្សាបាន៣លើក និងកីឡាករ វី ផានិត រក្សាបាន២លើក។

បច្ចុប្បន្នក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់​វិសាខា កំពុង​ឈរ​កំពូលតារាង ១២ប្រកួត​ឈ្នះ ១១ប្រកួត ចាញ់​១ ស៊ុតបញ្ចូលទីបាន ៤៥គ្រាប់​ របូតវិញ ១២គ្រាប់ មាន ៣៣ពិន្ទុក្នុងដៃ។ ខណ:អង្គរថាយហ្គឺរ នៅបាត តារាង ១២ប្រកួត​ឈ្នះ ១ ស្មើ១ និងចាញ់១០ប្រកួត ស៊ុតបាន ៦គ្រាប់ របូត ៤៧គ្រាប់ មាន ៤ពិន្ទុ។

សូមជម្រាបថាការប្រកួតពានរង្វាន់យុវជនអាយុក្រោម១៦ឆ្នាំបាន​ចាប់​ពី​ថ្ងៃ​​ទី១៥ ខែ​ឧសភា ដល់​​ថ្ងៃ​ទី៣​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដោយ​តម្រូវ​ឲ្យ​ក្រុម​ទាំង​អស់​ប្រកួត​គ្នា​ចំនួន​២​ជុំ ហើយ​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ចំនួន ៤​​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​វគ្គ​​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ ៕

Share.