សិល្បៈ​ជាតិ​៖ មាន​អ្នកគាំទ្រ​ច្រើន​ណាស់​បាន​ដាក់​ក្ដី​រំពឹង​ខ្ពស់​ចំពោះ​កញ្ញា​ កូលៀន​ ម៉ែលហ្វាត​ ដែលបាន​ត្រឡប់​មក​ដណ្ដើម​មកុដ​ Miss​ Global​ Cambodia​ 2024​។ អ្វីគួរ​ឱ្យ​កត់​សម្គាល់​ជាពិសេស​ទៀត​នោះ​គឺ​ បវរកញ្ញា​រូបនេះ​នៅតែ​បោះ​ចោល​ក្ដី​សង្ឃឹម​ ហើយ​បាន​ព្យាយាម​ប្រឹង​តស៊ូ​ប្រកួតដើម្បី​​លើកកិត្តិនាម​បវរកញ្ញា​តំណាង​ខេត្ត ​ព្រៃវែង​។ តើ​កញ្ញា ​កូលៀន​ ម៉ែលហ្វាត​ ជា​អ្នកណា​?

នៅ​ក្នុង​ព័ត៌មាន​នេះ ​សារព័ត៌មាន​ត្រយង​នឹង​បង្ហាញ​ជូន​នូវ​សេចក្ដី​លម្អិតខ្លះ​ៗ​អំពី​កញ្ញា ​កូលៀន ​ម៉ែលហ្វាត ​ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា​ កល្យាណ​ មាន​វ័យ​ ២២​ ឆ្នាំ​ កំពុង​ជា​បេក្ខភាព​បវរកញ្ញា​តំណាង​ឱ្យ​ខេត្ត​ព្រៃវែង​ ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​ Miss​ Global​ Cambodia​ 2024​។

 កញ្ញា ​កូលៀន ​ម៉ែលហ្វាត​ បាន​ឈាន​ជើង​ចូល​រួម​ប្រកួត​ក្នុង​វិស័យ​ប្រកួត​សម្រស់​បវរកញ្ញា​ដំបូង​បង្អស់​នៅ​ក្នុង​កម្មវិធី​ Miss​ Supranational​ Cambodia​ នៅឆ្នាំ​ ២០២២​។ ពេល​នោះ​ហើយ​ដែល​អ្នកគាំទ្រ ​និង​អ្នក​និយម​តាម​ដាន​ការ​ប្រកួត​បវរកញ្ញា​ចាប់ផ្ដើម​ចាប់​អារម្មណ៍​កញ្ញា​ដែល​មាន​មុខមាត់​ដូចជា​កូន​កាត់​ និង​មាន​សមត្ថភាព​អាច​និយាយ​ភាសាអង់គ្លេស​-បារាំង​ បាន​យ៉ាងស្ទាត់​ជំនាញ។​ បើទោះបី​ជា​ទើប​ចូលប្រឡូក​ក្នុងការ​ប្រកួត​មិនទទួល​បាន​ជោគជ័យ​ជា​ដំ​កំភួន ប៉ុន្តែ​បវរកញ្ញា​រូបនេះ​បាន​ទទួលនូ​វ​បទពិសោធន៍​ជា​ច្រើន​ពីកម្មវិធី​ រហូត​ធ្វើ​ឱ្យ​កញ្ញា​កាន់​តែ​មាន​ចិត្ត​ពុះពារ​ចង់​ចូល​រួម​ប្រកួតម្ដង​ទៀត​។

បាន​ដល់​ពាក់កណ្ដាល​ឆ្នាំ ​២០២៣​ អំឡុង​ខែ​មិថុនា​ គេ​ស្រាប់​តែ​ឃើញ​កញ្ញា ​កូលៀន​ ម៉ែលហ្វាត ​លេច​មុខ​ចូល​រួម​ប្រកួត​ម្ដង​ទៀត​នៅក្នុង​កម្មវិធី​ Miss​ Universe​ Cambodia​ ឆ្នាំ ​២០២៣​ ពោល​គឺ​នៅ​ជំនាន់​ជាមួយ​កញ្ញា ​ចន ​សុទីម៉ា​។ កូលៀន ​បាន​ចូល​រួម​ប្រកួត​ក្នុង​នាម​ជា​បវកញ្ញា​តំណាង​ឱ្យ​ខេត្តព្រៃវែង​ ដែល​ជា​ខេត្តមួយ​មាន​សក្តានុពល​លើវិស័យក​សិកម្ម​ និង​ជា​ខេត្ត​នៃ​ច្រករបៀង​សេដ្ឋកិច្ច​ស្រូវអង្ករ​ និង​ជលផល​ដ៏សំខាន់​របស់​ប្រទេស​កម្ពុជា​។ ក្រោយ​បញ្ចប់​ការប្រកួត​ជា​ស្ថាពរ ​កញ្ញា ​កូលៀន ​ម៉ែលហ្វាត​ ទទួល​បាន​តំណែង​លំដាប់​រងទី ​៤​​ពី​កម្មវិធី​ ដែល​ពិត​ជា​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត​ទៅ​កាន់​អ្នកគាំទ្រ​។

ដោយឡែក​ នៅ​ថ្ងៃ​ប្រកាស​បើក​កម្មវិធី​នៃ​ការ​ប្រកួត​ Miss​ Global​ Cambodia​ 2024​ និង​ថ្ងៃ​បំពាក់​ឈៀង​ដល់​បេក្ខនារី​គ្រប់​រូប​ជាផ្លូវការ​ គេ​ស្រាប់​តែ​ឃើញ​កញ្ញា​ កូលៀន ​ម៉ែលហ្វាត ​បង្ហាញមុខ​ចូល​មក​ប្រកួត​ជា​ថ្មីម្ដង​ទៀត​ ថែម​ទាំង​មាន​ឈ្មោះ​ជា​បវកញ្ញា​តំណាង​ឱ្យ​ខេត្ត​ព្រៃវែង​ជា​លើក​ទី​ ២​ រហូត​អ្នកគាំទ្រ​លាន់មាត់​សួរ​គ្រប់គ្នា​ថា​ ហេតុអ្វី​បាន​ជា​កញ្ញា​ជ្រើសយក​តំណាង​ខេត្ត​ព្រៃវែង​គ្រប់​ការ​ប្រកួត​បែប​នេះ?​

នៅ​លើ​សំណេរ​នៃ​ការ​បកស្រាយ​របស់​កញ្ញា ​កូលៀន ​ម៉ែលហ្វាត​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ​កញ្ញា​គឺជា​ក្មេងស្រី​ដែល​បាន​ចាប់​កំណើត​នៅ​លើទឹក​ដី​ខេត្ត​ព្រៃវែង​ ដែលមាន​ជីជូនជីតា​ និងម្ដាយ​ជា​អ្នក​ខេត្ត​ព្រៃវែង​តែ​ម្ដង​។ ចម្រើន​វ័យ​បាន​ធំ​បន្តិច​ កញ្ញា​ក៏​បាន​ចេញ​ទៅ​រស់​នៅប្រទេស​បារាំង​ជាមួយ​ម្ដាយ ​និង​បាន​ធំ​ឡើង​ រួម​ទាំង​បន្ត​ការ​សិក្សានៅ​ទីនោះ​។

នៅក្នុង​ដួងចិត្ត​របស់​កញ្ញា ​កូលៀន ​ម៉ែលហ្វាត​ មិន​ត្រឹម​តែ​ចាត់​ទុក​ខេត្ត​ ព្រៃវែង​ ជា​ទឹក​ដី​ទីកន្លែង​ដែល​បាន​ផ្ដល់​កំណើត​ឱ្យ​ខ្លួន​នោះទេ​ ប៉ុន្តែ​កញ្ញា​បាន​ចាត់​ទុក​ថា​ ជា​ដែនដី​មួយ​បណ្ដុះ នូវ​គំនិត​នៃ​ការ​តស៊ូ​សម្រាប់​កញ្ញា ​ដូច្នោះ​ហើយ​ទើប​កញ្ញា​ព្យាយាម​ចូល​រួម​ប្រកួត​ក្នុង​វិស័យបវរកញ្ញា​ដើម្បី​លើក​កិត្តិនាម​ឱ្យ​នារី​ក្នុង​ខេត្ត ​ព្រៃវែង​ទាំងមូល​ ដែល​មាន​តែ​ពាក្យ​ថា​តស៊ូ​ឆ្ពោះទៅ​មុខ​ គ្មាន​ទេ​ពាក្យ​ថា​ចុះចាញ់​។

ការ​វិល​ចូល​មក​ប្រកួត​ជា​លើកទី​ ៣​ នេះ​ អ្នក​គាំទ្រ​បាន​ដាក់​ក្ដីរំពឹង​យ៉ាង​ខ្ពស់​ណាស់​ថា​ មកុដ ​Miss​ Global​ Cambodia​ 2024 ​នឹង​បាន​ទៅ​លើ​ដៃរ​បស់ ​Miss Global ​ព្រៃវែង​ម្នាក់នេះ​ជាក់ជាមិនខាន​ ព្រោះថា​ មក​លើក​នេះ​កញ្ញា​ កូលៀន ​ម៉ែលហ្វាត​ បាន​ត្រឡប់​មក​វិញទាំង​ព្រម​ជាកញ្ចប់​ត្រូវ​គ្រប់​គ្រឿង​តាម​លក្ខខន្តិកៈ​ដែល​ស្ថាប័ន​ Miss​ Global ​ចង់​បាន​តែ​ម្ដង​។

សូម​ជម្រាប​បន្ថែម​ថា​ កញ្ញា ​កូលៀន​ ម៉ែលហ្វាត ​មាន​កំពស់​ ១៦៥​ សង់​ទីម៉ែត្រ ​ទំងន់​ខ្លួន​ ៤៥ ​គីឡូក្រាម​ ទំហំ​ទាំង​ ៣ ៣៤​cm​-២៥​cm​-៣៦​cm​។ ក្រៅ​ពី​មាន​ឈ្មោះជា​បវកញ្ញា​ហើយ​នោះ ​កញ្ញា ​កូលៀន ​ម៉ែលហ្វាត​ ក៏​មាន​អាជីព​ជា​តារា​បង្ហាញ​ម៉ូដ​ និង​ធ្លាប់​ចូល​រួមសម្ដែង​នៅ​ក្នុង​ស្ពតពាណិជ្ជកម្ម ​និង​បទចម្រៀង​ផង​ដែរ​៕

https://troryorng.com/

Share.