អ្នកនាំពាក្យសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជាតាមរយៈ សេចក្តីថ្លែងការណ៍របស់ខ្លួនបានបញ្ជាក់ថា៖ នៅវេលាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នេះ មានគេហទំព័រហ្វេសប៊ុក មួយដែលមានឈ្មោះហៅ៖ «Samdach Seng Ratana_007 (ទូរទស្សន៍សំឡេងមនសិការខ្មែរ)*? បាន ផ្សព្វផ្សាយព័ត៌មានដោយ បានសរសេរថា៖ “លោក ស ខេង និង ស សុខា ត្រូវបាន ហ៊ុន សែន បញ្ជាអោយព័ទ្ធ ផ្ទះនិងឃុំខ្លួននៅក្នុងផ្ទះ ពាក់ព័ន្ធការមិនគាំទ្រគម្រោង CLV …»។
អ្នកនាំពាក្យ សម្ដេចក្រឡាហោម ស ខេង សូមធ្វើការបដិសេធ និងចាត់ទុកថា ការផ្សព្វផ្សាយ ព័ត៌មានមិនពិតបែបនេះគឺជាការបំផ្លើសដើម្បីបម្រើឱ្យ គោលបំណង ទុច្ចរិតរបស់ខ្លួន ក្នុងការបំបែកបំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាពិសេសក្នុងចេតនាបង្កើតឱ្យមានការភ័ន្តច្រឡំ និងមន្ទិលសង្ស័យទាក់ទងនឹងជំហររបស់ សម្ដេចក្រឡាហោម ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជា ដែលកំពុងធ្វើការដឹកនាំប្រទេស និងការការពារផលប្រយោជន៍ជាតិ និងប្រជាជន ។
អ្នកនាំពាក្យ សម្ដេចក្រឡាហោម ស ខេង យល់ឃើញថាមជ្ឈដ្ឋានប្រឆាំងជ្រុល និយម ទាំងក្នុង និងក្រៅប្រទេសតែងតែបានប្រើប្រាស់វិធីសាស្រ្តដដែល ៗបង្កប់ ដោយ ល្បិចកលពុតត្បុតនេះ អស់រយៈពេលជា ច្រើនឆ្នាំមកហើយ ក្នុងការប៉ុនប៉ងបំបែកបំបាក់ សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋា- ភិបាលនៃព្រះរាជាណាចក្រ កម្ពុជា ។ តែទោះជាយ៉ាងនេះក្តី ក៏គណបក្សប្រជាជនកម្ពុជានៅតែបន្តរក្សាបាន យ៉ាងរឹងមាំនូវឯកភាព និងសាមគ្គីភាពផ្ទៃក្នុង តាមរយៈការតម្កល់ឧត្តមប្រយោជន៍រួមក្នុងបុព្វហេតុជាតិ និងប្រជាជន ។
បើតាមសេចក្តីថ្លែងការណ៍ដដែល នៅក្នុងករណីនេះ កាលពីថ្ងៃ១៧ ខែសីហា ឆ្នាំ២០២៤ នៅក្នុងសេចក្ដីថ្លែងការណ៍ជាសាធារណៈ សម្ដេចក្រឡាហោម ស ខេង ក៏បានធ្វើការគូស បញ្ជាក់រួចហើយ និងក៏បានធ្វើការអំពាវនាវផងដែរ ដល់ សមាជិក សមាជិការបស់ គណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូន ជនរួម ជាតិទាំងអស់ កុំចាញ់ល្បិចកលញុះញង់របស់ក្រុមជនអគតិជ្រុលនិយមមួយចំនួន ដែលព្យាយាមធ្វើ គ្រប់បែបយ៉ាងដើម្បីបំពេញមហិច្ឆតារបស់ខ្លួន ដោយមិនគិតអំពីផល វិបាកធ្ងន់ធ្ងរចំពោះជាតិ និងប្រជាជន ដែលធ្លាប់ទទួលរងគ្រោះ និងហែលឆ្លងទុក្ខលំបាក វេទនារាប់មិនអស់រួចមកហើយ នៅក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់ របស់កម្ពុជា នៃល្បែង នយោបាយលាបពណ៌ ញុះញង់ និងបំបែកបំបាក់ ៕

