ភ្នំពេញ៖ រថយន្តពីរគ្រឿងរងការខូចខាតពេញទំហឹង ក្រោយបើកបុកគ្នានៅសង្កាត់ទឹកល្អក់បី រួចព្យាយាមបើករត់គេចរហូតដល់សង្កាត់ទឹកល្អក់ពីរ ទើបត្រូវរថយន្តម្ខាងទៀតកាក់បាន តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៤ ក្នុងសង្កាត់ទឹកល្អក់បីខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនម្នាក់ បើរថយន្តលុចស៊ីស NX350 ពណ៌សពាក់ស្លាកលេខកម្ពុជា PIDOR.09 ធ្វើដំណើរតាមបណ្ដោយផ្លូវទេពផន ក្នុងទិសដៅពីកើតមកលិច លុះធ្វើដំណើរមកដល់ កែងជាមួយផ្លូវលេខ២៦១ ក៏មានបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកតូយូតាឡង់គ្រីស្ស័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2R-5345 ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង ឆ្លងផ្លូវមិនប្រយត្ន័ ហើយត្រូវរថយន្តឡិចស៊ីសបុកពេញទំហឹង បណ្ដារថយន្តទាំងសងខាងរងការខូចខាត ក្រោយពីបើករថយន្តឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានគេបេីកបុកហើយ អ្នកបើកបរមិនបានឈប់ដោះស្រាយទេ ដោយព្យាយាមបើករត់គេចរហូតដល់កែងជាមួយផ្លូវ១៥០ ក្នុងសង្កាត់ទឹកល្អក់ពីរទើបត្រូវភាគីម្ខាងទៀតកាក់បាន។

ក្រោយពីកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកខណ្ឌទួលគោក បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងរួចនាំយករថយន្តទាំងពីរគ្រឿង យកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ត្រយងតូច

Share.