សិល្បៈជាតិ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រៀមរៀបចំ មហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២ ឬ The 2nd Cambodia Asian Film Festival ដោយមានរៀបចំកម្រាលព្រំក្រហមទទួលតារាល្បីៗ និងប្រគល់ពានរង្វាន់ ជូនផលិតករសិល្បករមកពីបណ្ដាប្រទេសក្នុងអាស៊ីដែលបានមកចូលរួម។

មហោស្របភាពយន្តកម្ពុជា-អាស៊ីលើកទី២ ធ្វើឡើងក្រោមប្រធានបទ «shinning you» ដែលមហោស្រពមួយនេះ មានគោលបំណងបើកចំហសម្រាប់ផលិតករភាពយន្តអាស៊ីទាំងអស់ដាក់ពាក្យចូលរួមពីទូទាំងទ្វីបអាស៊ី ក្នុងការនាំយកឱ្យស្នាដៃភាពយន្តអាស៊ីដែលពោរពេញទៅដោយភាពទាក់ទាញ អាចបញ្ចេញពន្លឺនៅលើពិភពលោកបាន។ លើសពីនេះ មហោស្រពនេះបានក្លាយជាវេទិកាប្រកួតប្រជែងស្នាដៃភាពយន្តអាស៊ី ដើម្បីធ្វើការវាស់ស្ទង់កម្រិតសមត្ថភាពធនធានមនុស្សក្នុងវិស័យភាពយន្តនាពេលបច្ចុប្បន្ន។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏មានរៀបចំកម្រាលព្រំក្រហមដ៏អស្ចារ្យសិល្បករមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ីចូលរួមដើរបង្ហាញ រួមពិធីប្រគល់ពានរង្វាន់ The Red Carpet and Awarding Ceremony ដែលគ្រោងធ្វើឡើងល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ នៅបរិវេណសណ្ឋាគារ JD Polman Hotel & Residence។

លើសពីនេះ អ្នកចូលរួមកម្មវិធីទាំងមូលនឹងបានជួបដោយផ្ទាល់ជាមួយតារាសម្ដែងឯកប្រុស Paing Takhon ក្នុងរឿង«ប្រវត្តិស្នេហ៍នាងនាថ» « បណ្ដាសានាងរាត្រី» និង« ប្រុសលក់ខ្លួន» ក្នុងនាមជាអគ្គរដ្ឋទូតយុវជន ឬ Youth Ambassador ក្នុងមហោស្រពផងដែរ។
សូមជម្រាបថា មហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២ (2nd Cambodia Asian Film Festival) ចាប់ផ្ដើមពីថ្ងៃទី ២៣ ដល់ ២៥ ខែ សីហា ២០២៤ ដោយមានភាពយន្តសរុបចំនួន ៤០០ចំណងជើង និងភាពយន្តខ្លី១០០ចំណងជើង មកពីជុំវិញអាស៊ីបានមកចូលរួមចាក់បញ្ចាំង។ ក្នុងនោះ ពានរង្វាន់សរុប ១៣ សម្រាប់ “Golden Rumdul Awards” និងពានរង្វាន់ចំនួន១០សម្រាប់ “Asian Honor Awards” មានការចូលរូមពីផលិតករនិងសិល្បករមកពីបណ្ដាប្រទេសក្នុងអាស៊ីផងដែរ៕

