បាងកក៖ ប្រទេសថៃ នៅថ្ងៃពុធ សប្ដាហ៍នេះ បានរាយការណ៍ពីករណីដំបូងដែលសង្ស័យថា មានមេរោគ Mpox ដ៏គ្រោះថ្នាក់បមួយប្រភេទទៀត ដែលអង្គការសុខភាពពិភពលោកបានប្រកាសអាសន្នសុខភាពសាធារណៈជាសកល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤។
លោក Thongchai Keeratihattayakorn ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសថៃ បានប្រាប់ AFP ថា អ្នកជំងឺ គឺជាជនជាតិអឺរ៉ុប ដែលបានធ្វើដំណើរចូលមកប្រទេសថៃ ពីប្រទេសនៅទ្វីបអាហ្វ្រិក។

ក្រុមមន្រ្តីបាននឹងកំពុងធ្វើតេស្ដពិសោធន៍ ពីករណីនៃមេរោគ Mpox នេះ ដែលគេជឿថា ជាប្រភេទ Clade 1 ហើយអ្នកកើតជំងឺនេះ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេក្នុងមន្ទីរពេទ្យមួយកន្លែងនៅក្នុងប្រទេស។
ការធ្វើតេស្តមន្ទីរពិសោធន៍កំពុងដំណើរការ ដើម្បីបញ្ជាក់អំពីជំងឺ ប៉ុន្តែក្រុមមន្ត្រីជឿថាវាមកពី Clade 1។ អ្នកឆ្លងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេក្នុងមន្ទីរពេទ្យ។

ករណី Mpox និងការស្លាប់ដោយសារជំងឺនេះ កំពុងកើនឡើងនៅក្នុងទ្វីបអាហ្រ្វិក ដែលកំពុងឆ្លងរាលដាលនៅក្នុងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប៊ូរុនឌី កេនយ៉ា រវ៉ាន់ដា និងអ៊ូហ្គង់ដា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤នេះ។

ចំពោះអាការៈអ្នកកើតជំងឺ Mpox គឺ ក្ដៅខ្លួន ឈឺសាច់ដុំ ចេញដំបៅ និងឡើងពងបែកលើស្បែក។ ជំងឺនេះបង្កឡើងដោយមេរោគឆ្លងពីសត្វដែលឆ្លងមេរោគ ប៉ុន្ដែការឆ្លងពីមនុស្សទៅមនុស្ស គឺអាចបណ្ដាលមកពីការប៉ះពាល់រាងកាយជាមួយអ្នកជំងឺជិតស្និទ្ធ (ការរួមភេទ) ការប្រើប្រាស់សំភារៈផ្សេងៗ រួមជាមួយអ្នកជំងឺ។

សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែសីហា ប្រទេសស៊ុយអែត បានរាយការណ៍ពីករណី Clade 1 ដែលត្រូវបានបញ្ជាក់ជាលើកដំបូងនៅខាងក្រៅទ្វីបអាហ្រ្វិក។ ចំណែកនៅប្រទេសថៃ កំពុងតែមានករណីសង្ស័យពីករណី Clade 1 ដូចគ្នា ប៉ុន្ដែរង់ចាំលទ្ធផលបញ្ជាក់ពីមន្ទីរពិសោធន៍រយៈពេល ២ថ្ងៃសិន៕

