សិល្បៈជាតិ៖ បញ្ហារបូតតារាចម្រៀងចេញពីផលិតកម្មរាមបានបន្តកើតមានបន្តបន្ទាប់ រហូតដល់ពេលថ្មីនេះ តារាចម្រៀងស្រីវ័យក្មេងកញ្ញា ម៉ាម៉ា ( MA MA ) បានចាកចេញពីទ្រនំចម្រៀងមួយនេះ និងបានប្រកាសជាផ្លូវការថា ជាសមាជិកថ្មីនៃគ្រួសារផលិតកម្មសាន់ដេ។

យ៉ាងណាមិញ វត្តមានរបស់តារាចម្រៀងស្រី ម៉ាម៉ា ចូលមកក្នុងផលិតកម្មសាន់ដេនាពេលថ្មីនេះៗ ត្រូវបានហ្វេនអ្នកគាំទ្រលើកឡើងស្រដៀងគ្នា មានការត្រួសត្រាយផ្លូវដោយអតីតបេក្ខភាព Cambodian Idol រដូវកាលទី ២ កញ្ញា នាង គន្ធា ដែលហ្វេនគ្រប់គ្នាដឹងថាត្រូវជាគូស្នេហ៍របស់ ម៉ាម៉ា។
កន្លងមកគ្រប់គ្នាបានឃើញតារាចម្រៀងស្រី នាង គន្ធា តែងតែបង្ហាញពីសកម្មភាពយ៉ាងស្និទ្ធស្នាលនឹងស្រីស្អាត ម៉ាម៉ា នៅលើបណ្ដាញសង្គម ដែលភាគច្រើនវត្តមានរបស់អ្នកទាំងពីរទៅណាមកណាជាមួយគ្នា យកចិត្តទុកដាក់គ្នាខ្លាំងដូចស្រមោចនឹងស្ករ។ ទោះមិនទាន់បង្ហាញមុខជាតារាចម្រៀងផ្លូវរបស់សាន់ដេ ប៉ុន្តែ ម៉ាម៉ា ធ្លាប់ចូលរួមសម្ដែងនៅក្នុងបទចម្រៀងជាបទរបស់ផលិតកម្មសាន់ដេមួយរយៈមកហើយដែរ។

ដោយឡែកគេនៅមិនទាន់ដឹងទេថា ម៉ាម៉ា ត្រៀមនឹងចេញបទថ្មីមានចំណងជើងអ្វីនោះ ប៉ុន្តែកុំភ្លេចរង់ចាំទស្សនា បទថ្មីពី ម៉ាម៉ា នៅថ្ងៃ២២ ខែសីហា ឆ្នាំ ២០២៤ ម៉ោង១២ថ្ងៃត្រង់ ដែលផលិតកម្មសាន់ដេនឹងបង្ហោះនៅក្នុង Channel YouTube Sunday ។

