ភ្នំពេញ ៖ ទុស្សេខ្សែភ្លើងក្លាយជាអគ្គិភ័យឆាបឆេះចំនួន២ករណីផ្សេងគ្នាក្នុងខណ្ឌសែនសុខ ករណីទី១ ឆេះផ្ទះគ្រូពេទ្យ ស្ថិតនៅផ្ទះលេខ១០០ ភូមិអូរអង្គ្រង សង្កាត់ក្រាំងធ្នង់ កាលពីវេលាម៉ោង២និង៣៥នាទីរំលងអធ្រាត្រចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ចំណែកករណីទី២ អគ្គិភ័យឆាបឆេះឃ្លាំង សិប្បកម្មផលិតនំ ស្ថិតលើផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ករណីទី១ អគ្គិភ័យឆាបឆេះផ្ទះគ្រូពេទ្យឈ្មោះ ឈើន ចាន់សុវណ្ណ ភេទប្រុស អាយុ៤៥ឆ្នាំ មយខរបរគ្រូពេទ្យ ផ្ទះល្វែងថ្ម ទំហំ៤ម៉ែត្រx១៦ម៉ែត្រ ឆេះសម្ភារៈ ក្នុងបន្ទប់អេកូ ទំហំ២ម៉ែត្រx២ម៉ែត្រ ខូចខាតសម្ភារៈអស់មួយចំនួន ។

ចំណែកករណីទី២ អគ្គិភ័យឆាបឆេះឃ្លាំង សិប្បកម្មផលិតនំ ម្ចាស់ទីតាំងឈ្មោះ យាង ហុងវៃ ភេទប្រុស អាយុ៣៧ឆ្នាំ ជាជនជាតិចិន មុខរបរផលិតនំ ទីតាំងដែលភ្លើងឆេះជាប្រភេទសំណង់ គ្រោងដែកប្រក់ស័ង្កសី ទំហំ៥០ម៉ែត្រx១០០ម៉ែត្រ រងខូចខាតឆេះឡដុតនំអស់ចំនួន៤ ឆេះឡចំហុយនំអស់២ ។

គ្រោះអគ្គិភ័យទាំង២ករណីខាងលើត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ស្នងការក្រុងភ្នំពេញ ចេញទៅអន្តរាគមន៍ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.