ប៊ែរឡាំង៖ មន្ត្រីអង្គការសុខភាពពិភពលោកម្នាក់ បានសង្កត់ធ្ងន់កាលពីថ្ងៃអង្គារ សប្ដាហ៍នេះថា ជំងឺ mpox មិនថាវាជាប្រភេទថ្មី ឬចាស់នោះទេ គឺវាមិនមែនជាជំងឺកូវីដ១៩ ថ្មីនោះទេ ព្រោះអាជ្ញាធរសុខាភិបាលដឹងពីរបៀបគ្រប់គ្រងការឆ្លងរីករាលដាលរបស់ជំងឺនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។

លោក Hans Kluge នាយកប្រចាំទ្វីបអឺរ៉ុប របស់អង្គការ WHO បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គការសហប្រជាជាតិថា «យើងអាច និងត្រូវតែទប់ស្កាត់ mpox ជាមួយគ្នា»។ លោកបន្ថែមថា «ដូច្នេះរបៀបដែលយើងឆ្លើយតបក្នុងពេលបច្ចុប្បន្ន និងនៅប៉ុន្មានឆ្នាំទៅមុខ នឹងក្លាយជាការធ្វើតេស្ដមួយដ៏សំខាន់សម្រាប់អឺរ៉ុប និងពិភពលោកទាំងមូល»។

កាលពីថ្ងៃទី១៥ ខែសីហា អង្គការ WHO បានប្រកាសចាត់ទុកជំងឺ Mpox ឬ អុតស្វា ជាភាពអាសន្នសុខាភិបាលសាធារណៈសកល ជាលើកទី២ ក្នុងរយៈពេល ២ឆ្នាំ បន្ទាប់ពីមេរោគបំប្លែងថ្មីនៃជំងឺ Mpox ឈ្មោះ Clade 1b បានផ្ទុះឡើងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងបានរាលដាលទៅកាន់ប្រទេសជិតខាងជាច្រើន។

ពពួក Clade 1b បានបង្កឱ្យមានការព្រួយបារម្ភជាសកល ដោយសារវាហាក់បីដូចជាបង្កឱ្យការឆ្លងរីករាលកាន់តែងាយស្រួលជាងប្រភេទធម្មតា។

យ៉ាងណាម៉ិញ អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក លោក Tarik Jasarevic បាននិយាយថា អាជ្ញាធរសុខាភិបាលចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន និងអាចបត់បែនបាន ក្នុងករណីអាចមានឆ្លងរីករាលដាល់កាន់តែច្រើន ប៉ុន្តែមិនមានការណែនាំឱ្យពាក់ម៉ាស់នោះទេ៕

