សិល្បៈជាតិ​៖ តារា​សម្ដែង​ ដួង ម៉ានិច ក្រោយ​រៀបអាពាហ៍ពិពាហ៍​និង​សាងសុភមង្គល​ជាមួយ​នឹង​ស្វាមី ដែល​ជា​អ្នក​ជំនួញអនឡាញ ឃើញថា​តារា​ស្រី​រូប​នេះ​បាន​ប្រើ​ប្រាស់​ជីវិត​រស់​នៅ​យ៉ាង​សាមញ្ញ​ជាមួយ​នឹង​ធម្មជាតិ​ដោយ​អ្នក​ទាំងពីរ​ឧស្សាហ៍​ចែក​រំលែក​រូបភាព​ទាំង​សន្លឹក និង​វីដេអូ​នៅ​ចំការ​ទទួល​ទាន​បន្លែ​ដាំ​ដោយ​ខ្លួន ក៏ដូចជា​ដាំ​ដើម​ឈើ​ហូប​ផ្លែ​ផ្សេងៗ​នៅ​ចំការ​។

អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​កាន់តែ​សរសើរ​គូស្នេហ៍ថ្មោងថ្មីមួយ​គូ​នេះ​គឺ​ ហ៊ាឆាត និង​ឧត្តម​ភរិយា ដួង ម៉ានិច បាន​បង្ហោះ​ស្ដីពីការ​ចូលរួម​ដាំ​ដើម​ឈើ​ជាមួយ​នឹង​ វិទ្យាស្ថានពុទ្ធិកសក្យបុត្រអន្តរជាតិ – BSI នៅ​លើ​ទឹកដី​ស្រុក​កណ្ដាល​ស្ទឹង​នា​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២៤​ នេះ​​ផ្ទាល់​តែ​ម្ដង​។

ហ៊ាឆាត បាន​បង្ហោះ​នៅ​លើ​ផេក​របស់​លោក​យ៉ាង​ដូច្នេះ​ថា៖ មកដាំ​ដេីម​ឈើ​ នៅ​ វិទ្យាស្ថានពុទ្ធិកសក្យបុត្រអន្តរជាតិ 🙏 រៀបចំកម្មវិធីដាំដើមឈើចំនួន២០០០ដើម នៅលើទឹកដីស្រុកកណ្តាលស្ទឹង ❤️ វិទ្យាស្ថានពុទ្ធិកសក្យបុត្រអន្តរជាតិ – BSI

ការ​ចូលរួម​របស់​តារា​នៅ​ក្នុង​ការ​សង្គម និង​សហគម គឺជា​គំរូ​មួយ​ដ៏ល្អ ព្រោះ​ក្នុង​នាម​ជា​ពលរដ្ឋ​ យើង​គ្រប់​គ្នា​ គួរ​តែ​ចូលរួម​ម្នាក់មួយ​ដៃ​មួយជើង​ ទើប​ជាតិ​យើង​ឆាប់​អភិវឌ្ឍ និង​រីកចម្រើន យើង​មិន​អាច​ចាំ​តែ​ផ្នែក​រដ្ឋ​តែមួយ​មុខ​នោះ​ឡើយ​ព្រោះ​ការងារ​ខ្លះ ត្រូវ​ការ​រួម​សហការ​គ្នា​ទើប​ឆាប់​សម្រេច​បាន​ជោគជ័យ​និង​ទៅដល់​គោលដៅ ហើយ​ការ​ចូលរួម​ថែរក្សា និង​ដាំ​ដើម​ឈើ​នេះ​ក៏ជា​គំរូ​ដ៏ល្អផងដែរ ព្រោះ​ព្រៃ​ឈើ និង​ដើម​ឈើ​ ពិត​ជា​មាន​អត្ថប្រយោជន៍​សម្រាប់​ជីវិត​មនុស្ស និង​សត្វ៕

Share.