ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង តំណាងកម្ពុជា បានយកឈ្នះ Terengganu FC សមាជិកលីគកំពូលម៉ាឡេស៊ី នៃពានរង្វាន់ 2024–25 ASEAN Club Championship (Shopee Cup) ក្នុងលទ្ធផល ៣-២ យប់ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ នៅកីឡដ្ឋាន Sultan Mizan Zainal Abidin ប្រទេសម៉ាឡេស៊ី។

គួរដឹងផងដែរថាព្រះខ័នរាជស្វាយរៀង (កម្ពុជា) ស្ថិតនៅក្នុងពូល A ជាមួយក្រុមដូចជា Shan United (មីយ៉ាន់ម៉ា), BG Pathum United (ថៃ), Terengganu (ម៉ាឡេស៊ី), PSM Makassar (ឥណ្ឌូណេស៊ី), Dong A Thanh Hoa (វៀតណាម)។
ដូច្នេះការប្រកួតបន្ទាប់របស់ព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់ 2024–25 ASEAN Club Championship (Shopee Cup) នឹងត្រូវជួប BG Pathum United របស់ថៃ នៅថ្ងៃទី២៥ ខែកញ្ញា ក្នុងកីឡដ្ឋាន BG Stadium។

ពានរង្វាន់ជើងឯកតំបន់អាស៊ាន នេះធ្លាប់រៀបចំឡើង២លើកមក ដោយក្នុងឆ្នាំ២០០៣ ជើងឯកបានទៅក្រុម East Bengal របស់ឥណ្ឌា ក្រោយយកឈ្នះក្រុម BEC Tero Sasana របស់ថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ហើយឆ្នាំ២០០៥ ជើងឯកបានទៅក្រុម Tampines Rovers របស់សិង្ហបុរី ក្រោយយកឈ្នះលើក្រុម Pahang FA របស់ម៉ាឡេស៊ី ដោយលទ្ធផល ៤-២ នៅទីក្រុងបានដារសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ។
ចំណែកក្រុមដំណាងឱ្យកម្ពុជា ចូលរួមក្នុងពានរង្វាន់នេះគឺ នៅឆ្នាំ២០០៣ ក្រុម Samart United (បច្ចុប្បន្នភ្នំពេញក្រោន) ហើយនៅឆ្នាំ២០០៥ ក្រុមណាហ្គាខប បានចូលរួម (បច្ចុប្បន្ន ណាហ្គាវើល)៕

