ភ្នំពេញ ៖ ក្មេងប្រុស២នាក់បងប្អូន ស្លាប់ភ្លាមៗនៅកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខណៈដែលជិះម៉ូតូហុងដាឌ្រីមឌុបគ្នាដើរលេង ទាក់ដៃចង្កូតដួលរថយន្តកូរ៉េ ដឹកទំនិញ កិនស្លាប់ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១ ចំណុចភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ក្មេងប្រុសរងគ្រោះទាំង២នាក់បងប្អូន ម្នាក់ឈ្មោះ
អុន ចិត្រា ភេទប្រុស អាយុ១៤ឆ្នាំ សិស្សសាលា និងម្នាក់ទៀត ជាប្អូន មានឈ្មោះ អុន សុវណ្ណរស្មី ភេទប្រុស អាយុ៥ឆ្នាំ ៥ខែ មានទីលំនៅ ក្បែរកន្លែងកើតហេតុ មានបងប្អូនចំនួន៥នាក់ ប្រុស៣នាក់ ស្រី២នាក់ ក្នុងបន្ទុកគ្រួសារ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ក្មេងប្រុសទាំង២នាក់បងប្អូន ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JY-4456 ឌុបគ្នាដើរលេង តាមផ្លូវលំក្នុងភូមិ ស្រាប់តែជិះឡើងផ្លូវជាតិលេខ១ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ទាក់ដៃចង្កូតជាមួយរថយន្តកូរ៉េ ហុីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3B-9070 ដឹកទំនិញ បណ្តាលឱ្យដួល រថយន្តកិនស្លាប់ទាំង២នាក់បងប្អូន យ៉ាងអាណោចអធ័ម អ្នកបើកបររថយន្តបម្រុងចុះគេចខ្លួន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ។

ក្រោយកើតហេតុ សពក្មេងប្រុសទាំង២នាក់បងប្អូន ក្រោយសមត្ថកិច្ចពិនិត្យស្លាកស្នាមរួច ត្រូវបានរថយន្តរបស់មន្ទីរពេទ្យបង្អែកច្បារអំពៅដឹកយកទៅតំគល់ទុកធ្វើបុណ្យតាមប្រពៃណីនៅវត្តវាលស្បូវ តាមការស្នើសុំពីក្រុមគ្រួសារ ។ ចំណែករថយន្ត អ្នកបើកបរ និងម៉ូតូ ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.