ភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូចេញពីបន្ទប់ជួលទៅធ្វើការ ចៃដន្យទាក់ដៃចង្កូតជាមួយកង់បីឥណ្ឌា ដួលត្រូវរថយន្តសណ្ដោងរុឺម៉កមកពីក្រោយកិនបែកក្បាលស្លាប់ចោលប្ដីនិងកូនជាទីស្រលាញ់ កាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី២១ខែសីហាឆ្នាំ២០២៤ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពស្រ្តីរងគ្រោះមានឈ្មោះ សៀន ស្រីរត្ន័ អាយុប្រមាណជាង៣២ឆ្នាំ មុខរបរបុគ្គលិកផ្សារ អុីអន ស្នាក់នៅបន្ទប់ជួលសង្កាត់ព្រៃស ខណ្ឌដង្កោ មានស្រុកកំណើត នៅភូមិលៀប ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានជិះម៉ូតូម៉ាកPCXពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DA-2580 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងព្រៃសក្នុងទិសដៅពីលិចទៅកើតស្រាប់ក៏មកដល់ចំណុចកើតហេតុក៏បាន វ៉ារថយន្ត សណ្ដោងរ៉ឺម៉កខាងស្ដាំហើយក៏បានទាក់ដៃចង្កូតជាមួយម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀតបណ្តាលឲ្យដួលខ្ទាតស្ត្រីរងគ្រោះចូលទៅក្រោមរថយន្តកិនចំក្បាលស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបន្តដំណើរប្រហែលជា១០០ម៉ែត្រអ្នកបើកបររក៏បានឈប់រថយន្តនៅកណ្តាលផ្លូវហើយបើកទ្វារត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះសម្រួលចរាចរណ៍យករថយន្តនិងម៉ូតូដាក់អែបខាងបញ្ជៀសកាកកស្ទះចរាចរណ៍ និងប្រគល់ឱ្យការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ វាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំធ្វើការដោះស្រាយទៅតាមច្បាប់ ។ចំណែកសពស្ត្រីរងគ្រោះសមត្ថកិច្ចប្រគល់សព ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖សេង សាវី

