សិល្បៈជាតិ៖ តាមការប្រកាសជាផ្លូវការនៅលើហ្វេសប៊ុកផេក មហោស្រពអក្សរសិល្ប៍ខ្មែរ Khmer Literature Festival បានជ្រើសយកអ្នកនិពន្ធជើងចាស់ ជុត ខៃ ដែលធ្លាប់រស់នៅឆ្លងកាត់តាំងពីសម័យបារាំង រហូតដល់ខ្មែរក្រហម ក្លាយជាទូតសុច្ឆន្ទៈនៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៧ឆ្នាំ២០២៤នេះ។


ប្រិយមិត្តអ្នកអានជាទីមេត្រី! អ្នកនិពន្ធជើងចាស់រូបនេះដើមឡើយត្រូវបានស្គាល់លោកមានឈ្មោះ ផ្ជិត ខៃ្យ តែអានសព្វថ្ងៃហៅ ជុត ខៃ កើតនៅថ្ងៃ ៣០ តុលា ១៩៤០ នៅ កោះសំរោង ក្នុងខែត្រកំពង់ចាម ។ លោកបានរៀនសូត្រនៅសាលាបឋមសិក្សា និង មធ្យមសិក្សានៅទីរួមខែត្រកំណើត (អាចស្វែងរកអានបន្ថែមពីសៀវភៅ ក្មេងវត្តសម័យបារាំង និង ក្មេងសាលាបារាំង) ។
នៅឆ្នាំ ១៩៦៦ លោកបានចេញពីវិទ្យាស្ថានគរុកោសល្យហើយបានទៅធ្វើជាសាស្ត្រាចារ្យនៅអនុវិទ្យាល័យឈូក ក្នុងខែត្រកំពត ។ ទន្ទឹមនឹងមុខងារជាសាស្ត្រាចារ្យ លោកបានបន្តការសិក្សានៅមហាវិទ្យាល័យនីតិសាស្ត្រ រហូតដល់ទទួលបរិញ្ញាបត្រនៅឆ្នាំ ១៩៦៨ ។ ក្នុងឆ្នាំដដែលនេះ លោកបានផ្លាស់ទៅវិទ្យាល័យសន្តិភាព ក្នុងខែត្រកំពង់ស្ពឺ ។ លោកក៏ជាគ្រូបង្រៀនភាសាបារាំង និង ច្បាប់ហើយក៏ជាអ្នកសរសេរអត្ថបទកាសែតផងដែរ ។
ក្រោយស្ថានការណ៍ ១៨ មិនា ១៩៧០ លោកបានជាប់កំណែនក្នុងកងទ័ពផ្នែកកងអាវុធហត្ថមានងារជាអនុសេនីយ៍ឯក ហើយនៅឆ្នាំ ១៩៧១ លោកមានតួនាទីជាប្រធានក្រសួងរដ្ឋបាលនៃតុលាការសឹក។ លោកបានទទួលការតែងតាំងជាព្រឹទ្ធបុរសស្ដីទីមហាវិទ្យាល័យនីតិសាស្ត្រ និង សេដ្ឋកិច្ច នៅក្នុងឆ្នាំសិក្សា ១៩៧៣ ទៅ ១៩៧៤ ។ លោករស់នៅយ៉ាងវេទនាក្នុងរបបខ្មែរក្រហម (អាចស្វែងរកអានបន្ថែមពីសៀវភៅ កូនក្របីមនោ សញ្ចេតនា) ហើយបានភៀសខ្លួនជាមួយគ្រួសារមកដល់ ខៅអ៊ីដាង ប្រទេសថៃ នៅឆ្នាំ ១៩៧៩ ។

លោកបានទទួលសិទ្ធិជ្រកកោននយោបាយ នៅប្រទេសបារាំង ក្នុងឆ្នាំ ១៩៨០ ហើយសព្វថ្ងៃរស់នៅជាយក្រុងប៉ារីស៍ ។ លោកធ្លាប់ជាអតីតអ្នកនិពន្ធកាសែត «នគរធំ» ហើយលោកបានទុកស្នាដៃនានាជាប្រលោមលោកផ្ទាល់ខ្លួន និង ប្រលោមលោកបកប្រែ ។
គួររំលឹកទៀតថា លោកធ្លាប់បានរួចជីវិតទាំងប្រថុយប្រថាន ពីការកាប់សម្លាប់របស់ពួកខ្មែរក្រហម ហើយសព្វថ្ងៃ លោកចូលនិវត្តន៍ ហើយរស់នៅជាយទីក្រុងប៉ារីសជាមួយក្រុមគ្រួសារ។ លោកក៏បន្តចងក្រងសៀវភៅថ្មីៗទៀតដែរ ទាំងភាសាខ្មែរ និងភាសាបារាំង។
ដោយឡែក មិនទាន់អស់ទេ..! នៅឆ្នាំនេះ ទូតសុច្ឆន្ទៈរបស់មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៧គឺមានដល់ទៅពីររូបឯណោះ។ ចំពោះទូតសុច្ឆន្ទៈមួយរូបទៀត ក្រុមការងារមហោស្រពនឹងបង្ហាញជូននៅក្នុងពេលឆាប់ៗនេះ។ កុំភ្លេចណាមកជួបអ្នកនិពន្ធជើងចាស់ ជុត ខៃ ដើម្បីសុំថតរូប និងសុំហត្ថលេខាអ្នកនិពន្ធដោយផ្ទាល់នៅថ្ងៃទី១ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដែលមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៧ គឺនឹងប្រព្រឹត្តទៅនាខេត្តកំពង់ចាម៕

