កណ្តាល ៖ សាកសពយុវជន២នាក់ រួមជាមួយម៉ូតូហុងដាឌ្រីមមួយគ្រឿង មានស្នាមបុកប៉ះ សង្ស័យជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកហើយបើករត់គេចទៅបាត់ ។
សពជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង៤និង៥០នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ១ ក្នុងភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។


សាកសពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ មានវ័យជាង២០ឆ្នាំ រួមជាមួយម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1O-4434 ក្នុងសភាពបាក់បែកខ្ទេច ។


បើតាមអ្នកភូមិបានឱ្យដឹងថា នៅអំឡុងវេលាម៉ោងខាងលើ ឮសូរសម្លេង រថយន្តបុកប៉ះដែរ ហើយក៏ស្ងាត់បាត់ទៅ គិតថា គេទៅបាត់អស់ហើយ លុះមានអ្នកដំណើរឆ្លងកាត់ ប្រទះឃើញ មានមនុស្សដេកស្លាប់នៅលើផ្លូវជាតិ ទើបផ្អើលទៅមើល រាយការណ៍ប្រាប់សមត្ថកិច្ច ដោយសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកបុកហើយរត់គេចបាត់ស្រមោល ។
ក្រោយពីប្រទះឃើញសាកសពមនុស្ស២នាក់ រួមជាមួយម៉ូតូមួយគ្រឿងនៅលើផ្លូវជាតិ សមត្ថកិច្ចចុះទៅពិនិត្យ ស្រាវជ្រាវ ដើម្បីស្វែងរកក្រុមគ្រួសារ ទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ តាតុងសែនជ័យ

