ក្រោយទទួលបានជោគជ័យយ៉ាងខ្លាំងពីមហាព្រឹត្តិការណ៍សម្ពោធបទចម្រៀង ទេវរាជ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ស្រាប់តែនៅថ្ងៃទី២១ ខែសីហា អ្នកនាង ទេព បូព្រឹក្ស បានចេញមកបង្ហោះរូបភាព៣សន្លឹក ព្រមទាំងបង្ហើបឱ្យដឹងថាបទចម្រៀងថ្មីរបស់ខ្លួននឹងចេញឆាប់ៗនេះ។
ម្ចាស់បទ ទេវរាជ អ្នកនាង ទេព បូព្រឹក្ស បានធ្វើឱ្យវិស័យសិល្បៈខ្មែរកក្រើកជាខ្លាំង អាស្រ័យដោយមានការចូលរួមយ៉ាងកុះករពីសំណាក់ហ្វេនៗនិងសិល្បករ-សិល្បការិនីបុរាណនិងសម័យជាច្រើនស្លៀកសំលៀកបំពាក់បុរាណ និង សហសម័យដើម្បីចូលរួមអបអរសាទរមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការសម្ពោធចម្រៀងឧទ្ទិសស្នាដៃដល់បុព្វបុរសខ្មែរ ដែលបានកសាងអាណាចក្រអង្គរដ៏រុងរឿង។


យ៉ាងណាមិញក្រោយទទួលបានជោគជ័យ អ្នកនាង ទេព បូព្រឹក្ស បានបញ្ចេញបទចម្រៀងថ្មីជាហូរហែ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺអ្នកម្ដាយកូនមួយរូបនេះបានចេញមកបង្ហើបពីឈ្មោះបទចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថា «Drama Queen» ឬរាជនីដ្រាម៉ា ព្រមទាំងនិយាយពីការត្រៀមកម្មវិធី TBP Fan Meet and Greet ជាមួយនឹងអាល់ប៊ុមចម្រៀង បទមនោសញ្ចេតនា ជូនជាកាដូដល់អ្នកគាំទ្រខ្លួនផងដែរ។
មែនទែនទៅ សម្រាប់អ្នកគាំទ្រ ប្ដីប្រពន្ធ ទេព បូព្រឹក្ស និង ជា ដេវីត គឺជាគូស្នេហ៍តារាដែលត្រូវបានសាធារណជន ទទួលស្គាល់ថាបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធានផ្ទាល់ខ្លួនដើម្បីរួមចំណែកផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យសិល្បៈចម្រៀង និងតន្ត្រីខ្មែរ ស្មើដៃគ្នា សំដៅធ្វើយ៉ាងឱ្យវិស័យទេសចរណ៍របស់ខ្មែរមានភាពល្បីល្បាញ ជាពិសេសជំរុញឱ្យវិស័យសិល្បៈខ្មែរ មានការចាប់អារម្មណ៍ពីបរទេសកាន់តែច្រើនឡើង បើទោះជាសព្វថ្ងៃនេះ បទចម្រៀងរបស់តារាចម្រៀងខ្មែរខ្លះៗត្រូវបានគេទទួលស្គាល់ និងយកទៅធ្វើ Reaction និង Review ព្រោងព្រាតទាំងនៅលើ យូធូប និងហ្វេសប៊ុកផងដែរ។

ត្បិតបានចេញមកទម្លាយឱ្យអ្នកគាំទ្រខ្លួនបានដឹងពីគម្រោង TBP Fan Meet and Greet ប៉ុន្តែតារាស្រីរូបនេះ នៅមិនទាន់បញ្ជាក់ពេលវេលាច្បាស់លាស់ និង ជាក់លាក់នៅឡើយទេ ដូច្នេះមានតែរងចាំតាមដានទាំងអស់គ្នា តើបទចម្រៀងថ្មីនេះ នឹងចេញនៅពេលណា ហើយកម្មវិធីជំនួបជាមួយនឹងអ្នកគាំទ្រ នឹងធ្វើឡើងនៅពេលណាដែរ?

