ប៉ូលីស និងអ្នកស្រុកបាននិយាយកាលពីថ្ងៃពុធ ថា ​​​​​ក្រពើមួយក្បាលបានសម្លាប់ស្ត្រីម្នាក់ដែលកំពុងងូតទឹកក្នុងទន្លេមួយនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ដោយអ្នកភូមិបានរកឃើញផ្នែកខ្លះនៃសាកសពរបស់នាង នៅក្នុងពោះសត្វក្រពើ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤។

បើតាមការឱ្យដឹងពីអ្នកស្រុកបានឱ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះថា Halima Rahakbauw អាយុ ៥៤ឆ្នាំ នាងបានទៅហែលងូតទឹកនៅទន្លេ ក្នុងភូមិ Wali នៅលើកោះ Maluku ប៉ុន្ដែក្រោយមកមិនបានឃើញនាងត្រឡប់មកផ្ទះវិញទេ ទើបអ្នកស្រុកមានការសង្ស័យ និងបាននាំគ្នាចំណាយពេលរកនាងតាំងពីព្រឹកថ្ងៃអង្គារ តាមក្រញុំាជើងរបស់សត្វក្រពើ។

ក្រោយមកគេក៏បានប្រទះឃើញស្បែកជើង និងបំណែកសាកសពរបស់នាងនៅក្នុងទន្លេ ទើបអ្នកភូមិបានរាយការណ៍ប្រាប់ប៉ូលីស ដើម្បីជួយតាមប្រម៉ាញ់សត្វក្រពើកំណាចនោះ។

ប៉ូលីសបាននិយាយថា ពេលរកឃើញសត្វក្រពើនោះ គេបាននាំគ្នាតាមសម្លាប់ និងវះពោះទើបដឹងថា ពិតជានារីរងគ្រោះពិតប្រាកដមែន ដោយក្រពើនោះមានទំហំធំ និងមានប្រវែងប្រហែល ៤ម៉ែត្រឯណោះ។

សូមជម្រាបថា ប្រទេសឥណ្ឌូណេស៊ី គឺជាដែនជម្រករបស់សត្វក្រពើជាច្រើនប្រភេទ ដែលតែងតែវាយប្រហារ និងសម្លាប់មនុស្សជារឿយៗ ដោយក្នុង ១ឆ្នាំៗ ក្រពើវាយប្រហារ និងស៊ីមនុស្សប្រហែល ១ពាន់នាក់ទៅហើយ។ កាល​ពី​ថ្ងៃ​អាទិត្យ សប្ដាហ៍មុន កម្មករជីក​រ៉ែ​ម្នាក់ ​អាយុ ៦៣ឆ្នាំ​ម្នាក់ ​ត្រូវ​បានសត្វក្រពើ​ខាំសម្លាប់​នៅ​ជិត​ទន្លេ​មួយ​កន្លែងនៅ​កោះ Bangka ក្នុង​កោះ​ស៊ូម៉ាត្រាផងដែរ។ ដោយកាលពីឆ្នាំ២០១៨ ប្រជាជនរស់នៅតំបន់ Papua ភាគខាងកើតបំផុតរបស់ប្រទេសឥណ្ឌូណេស៊ី បានសម្លាប់សត្វក្រពើជិត ៣០០ក្បាល ដើម្បីសងសឹក បន្ទាប់ពីប្រភេទសត្វល្មូនដ៏កំណាចនេះបានសម្លាប់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ៕

ប្រភព៖ CNA

Share.