ដូចប្រិយមិត្តបានជ្រាបហើយថាកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ក្លិបបាល់ទាត់ភ្នំពេញក្រោន គឺជាក្រុមដំបូងគេដែលបានប្រកាសនាំចូលកីឡាការិនីបរទេស Ichikawa Miki ជនជាតិជប៉ុន ត្រៀមសម្រាប់ការប្រកួតខេម​បូឌាន​លីគនារី Cambodian Women’s League រដូវកាល ២០២៤-២៥។

ដោយឡែកថ្មីៗនេះសារព័ត៌មានត្រយង ទទួលបានដំណឹងថាក្លិបបាល់ទាត់សៀមរាប អេហ្វស៊ី គឺជាក្រុមទី២ ត្រៀមនាំចូលកីឡាការិនីបរទេស Lippitt Mona Kate (Katey Lippitt) ជនជាតិអាមេរិក ត្រៀមប្រកួតប្រជែងនៅលីគនារីកម្ពុជា។

កីឡាការិនី Katey Lippitt កើតនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៤ បច្ចុប្បន្នមានវ័យ៣០ឆ្នាំ ជាអតីតកីឡាការនីរបស់ក្រុម Georgia Southern University នៅសហរដ្ឋអាមេរិក ចន្លោះពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៥ បង្ហាញខ្លួនបាន ៥៨ប្រកួត សរុបជិត ៤០០០នាទី។

គួរដឹងថាកាលពីសប្តាហ៍ទី១ កន្លងទៅក្រុមបាល់ទាត់នារីសៀមរាប បានយកឈ្នះខេត្តបាត់ដំបង ក្នុងលទ្ធផល ១៥-០ ខណ:សប្តាហ៍ទី២ ត្រូវបន្តជួបជើងខ្លាំងក្រុមនារីភ្នំពេញក្រោន ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៣:៣០រសៀល នៅកីឡដ្ឋានខេត្តសៀមរាប (ស្វាយធំ)។

ការប្រកួតត្រូវបែងចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយត្រូវធ្វើការប្រកួត តាមរូប​មន្ត លីគពីរជុំ (ម្ចាស់ផ្ទះ និងភ្ញៀវ) និងដំណាក់កាលទីពីរ បន្ទាប់ពីបញ្ចប់ការប្រកួតលីគពីរជុំ ក្រុម​ដែល​មាន ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៤ នឹងត្រូវប្រកួតចំនួន ៣ប្រកួតបន្ថែមទៀត ដើម្បី​ជ្រើស​យក ១ក្រុមដែល មានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាក្រុមជើងឯក។

សូមបញ្ជាក់ផងដែរថា ដោយ​មានក្លិបបាល់ទាត់ សមាគម មន្ទីរ និង អង្គការសរុបចំនួន ១០ក្រុម ចូលរួម​ប្រកួត​ប្រជែង​ក្នុងការ​ប្រកួតលីគនេះ។ ការប្រកួតខាងលើនេះ មានចំនួនសរុប ៩៣ប្រកួត ដែលមានរយៈពេល ៧ខែ នឹង​បញ្ចប់។ ការប្រកួតគ្រោង នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ២០២៥៕

Share.