សិល្បៈជាតិ៖ ក្រុមកញ្ញាស្លឹកឈើ Fashion Leaf បានចេញមកបង្ហោះវីដេអូភ្លាមៗនៅលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីទទួលយកការអប់រំណែនាំពីថ្នាក់ដឹកនាំមន្ទីអប់រំវិចិត្រសិល្បៈខេត្តសៀមរាប ចំពោះការបង្កសកម្មភាព​ប្រាសចាកពីក្រមសីលធម៌ បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ ពិសេសការប៉ះពាល់លើតម្លៃកុមារកម្ពុជា នាពេលកន្លងមកថ្មីៗនេះ។

នៅក្នុងវីដេអូដែលបង្ហោះឡើងនៅលើហ្វេសប៊ុកផេក កញ្ញាស្លឹកឈើ Fashion Leaf នៅថ្ងៃទី ២០ សីហា ២០២៤ នេះ បានរៀបរាប់ប្រាប់ទៅកាន់អ្នកគាំទ្រ និងសារធាណជនឱ្យដឹងថា ក្រុមកញ្ញាស្លឹកឈើ Fashion Leaf ពិតជាសប្បាយចិត្ត និងមិនភិតភ័យចំពោះការអប់រំណែនាំរបស់លោកប្រធានមន្ទីអប់រំវិចិត្រសិល្បៈខេត្តសៀមរាប និងគណៈមន្ត្រីជំនាញគ្រប់រូប ប៉ុន្តែពួកគេបែរជាអរគុណយ៉ាងខ្លាំងចំពោះក្ដីបារម្ភ និងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំមន្ទីអប់រំវិចិត្រសិល្បៈខេត្តសៀមរាប។

យ៉ាងណាមិញ តាមមន្ទីអប់រំវិចិត្រសិល្បៈខេត្តសៀមរាបបានឱ្យដឹងថា ករណីបង្កសកម្មភាពរបស់ក្រុមកញ្ញាស្លឹកឈើនោះមិនមានជាអ្វីធ្ងន់ធ្ងរដែលគួរឱ្យចាប់ថ្នាក់ដាក់ទោសឬពិន័យនោះទេ ពោលគឺមានពីរចំណុចរួមមាន៖ យកក្មេងទៅផ្សាយពាណិជ្ជកម្មតាមដងផ្លូវ ដោយមិនមានសុំច្បាប់អនុញ្ញាត និង ថតរូបផ្សាយពាណិជ្ជកម្មដោយឱ្យកុមារស្លៀកពាក់បែបស៊ិចស៊ីឈុតហែលទឹក ថតនៅទីសាធារណៈមិនមែនជាការសម្ដែងនៅលើឆាក។

យ៉ាងណាមិញ បន្ទាប់ពីធ្វើការកោះហៅឱ្យចូលខ្លួនបកស្រាយ សម្របសម្រួល និងទទួលយកការអប់រំពីថ្នាក់ដឹកនាំមន្ទីអប់រំវិចិត្រសិល្បៈខេត្តសៀមរាប ក្រុមកញ្ញាស្លឹកឈើក៏បានធ្វើកិច្ចសន្យាបញ្ឈប់ការថតសកម្មភាពបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក និងការដើរបង្ហាញនៅទីសាធារណៈដោយមិនមានការស្នើសុំ ឬការត្រួតពិនិត្យផ្តល់យោបល់ឱ្យបានត្រឹមត្រូវផងដែរ៕

Share.