ស្វាយរៀង ៖ យុវជន៣នាក់ ទើបតែស្គាល់រាប់គ្នាជាមិត្តភក្តិបាន២ថ្ងៃ ជិះម៉ូតូឌុបគ្នាដើរលេង បោះពួយល្បឿនលឿន វ៉ាជែងជ្រុលទៅបុកចូលរថយន្តដឹកបេតុង កំពុងបើកច្រាសទិសគ្នា ។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ១៣៧-១៣៨ ចំណុចភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះរបួសម្នាក់ ទើបតែស្គាល់ យុវជនដែលបានស្លាប់២នាក់ បាន២ថ្ងៃទេ សុំរាប់គ្នាជាមិត្តភក្តិ ស្រាប់តែមកដល់ព្រឹកនេះ ឌុបគ្នាដើរលេង ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់២នាក់តែម្តង ។

ប្រភពបន្តទៀតថា មុនកើតហេតុ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1I-2368 ជិះឌុបគ្នា៣នាក់ បោះពួយល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត ដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ ជ្រុលបុកចូលរថយន្តដឹកបេតុង ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 5A-2282 កំពុងបើកពីកើតទៅលិចច្រាសទិសគ្នា បណ្តាលឱ្យយុវជន២នាក់ ស្លាប់ភ្លាមៗនៅកន្លែង ចំណែកយុវជនម្នាក់ជាអ្នកបើកម៉ូតូ រងរបួសស្រាល ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍ ជនរងរបួសម្នាក់ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាបដឹកយកទៅ ចំណែកសាកសពយុវជន២នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ ទំនាក់ទំនងរកក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកស្វាយទាប ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.