សិល្បៈជាតិ៖ តាមក្រសួងវប្បធម៌ និងវិចត្រសិល្បៈបានឱ្យដឹងថា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី “ទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ” នៅវិមានសន្តិភាព រាជធានីភ្នំពេញ ដែលជាកេរដំណែលដូនតា បន្ទាប់ពីបានរសាត់ ចាកឆ្ងាយពីមាតុភូមិកំណើតអស់រយៈពេលជាច្រើនឆ្នាំ ដែលបង្កឡើងដោយសង្គ្រាម អំពើចោរកម្ម និងការជួញដូរខុសច្បាប់ទៅក្រៅប្រទេស។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមការគាំទ្រ និងចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិនិងអន្តរជាតិ ព្រមទាំងជាមួយប្រទេសនានា ជាពិសេស រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈ រដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក, ការិយាល័យស៊ើប អង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញាសង្កាត់ម៉ាន់ហាថាន។ ក្រសួងសូមសម្តែងនូវការកោតសរសើរជាពិសេសដល់លោក Bradley J. Gordon និងលោកSteve Andrew Heimberg ជាទីប្រឹក្សាផ្នែកច្បាប់ ចំពោះការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ជាមួយក្រុមការងារកម្ពុជា ដើម្បីទាមទារយកមរតកវប្បធម៌ដែលបានបាត់បង់ត្រឡប់មកវិញ។






សម្បត្តិវប្បធម៌ខ្មែរសរុបចំនួន៧០រូបដែលទទួលនាពេលនេះ តាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត ការ ចរចា ការរឹបអូស ការទាមទារ និងតាមផ្លូវតុលាការ បានត្រូវប្រគល់មកវិញពី៖ គ្រួសារ Lindemann, លោក James Clark និងសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក, ព្រមទាំងពីម្ចាស់សមុច្ច័យ ឯកជននានានៅសហរដ្ឋអាមេរិក។ ក្នុងចំណោមវត្ថុពិចិត្រទាំងនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញ សាសនា និងពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេសបដិមាថ្មធំៗដ៏ប្រណីតដូចជា បដិមា ទេពនៃទេវកថាមហាភារតៈ, បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកេសួរ ដែលត្រូវបានផ្តុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គស្ថិតនៅ សារមន្ទីរជាតិភ្នំពេញ ក្រោយពីបានព្រាត់ចាកឆ្ងាយពីគ្នាអស់រយៈពេលរាប់សិបឆ្នាំ ដោយសារសង្គ្រាម និងការ ជួញដូរខុសច្បាប់។







សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងនូវក្តីរំភើបចំពោះការវិលត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរ និងថ្លែងនូវការកោតសរសើរជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងដៃគូសហការទាំងអស់ដែលបានខិតខំក្នុងសិក្សាស្រាវជ្រាវភស្តុតាង និងទាមទារវត្ថុសិល្បៈទាំងអស់ត្រឡប់មកវិញ។ សម្តេចបន្តថា សន្តិភាពដែលកើតចេញពីនយោបាយ ឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានផ្តល់ឱកាសឱ្យកម្ពុជាអាចនាំយកនូវព្រលឹងដូនតា និងរតនសម្បត្តិដ៏មានតម្លៃនានាដែលបានបាត់បង់កន្លងមកត្រឡប់មកមាតុភូមិ កំណើតវិញជាបន្តបន្ទាប់ ដែលជាការជួបជុំគ្នាឡើងវិញនៃមហាគ្រួសារខ្មែរ និងជាមង្គលសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា៕

