ព្រះវិហារ ៖ ក្រុមស្ត្រីញៀនល្បែងសុីសង មិនរវល់ដាំបាយឱ្យប្តី កូន មួយថ្ងៃៗប្រមូលផ្តុំគ្នាលេងបៀ ត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាប ចាប់ឃាត់ខ្លួនបាន១១នាក់ សម្ភារៈមួយចំនួន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភ្នំរំដេង ក្នុងភូមិត្រពាំងទទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ នាំយកទៅសាកសួរ កសាងសំណុំរឿងរួច នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ បញ្ជូនទៅតុលាកាខេត្ត ចាត់ការបន្តតាមនីតិវិធី ។

តាមប្រភពបានឱ្យដឹងថា ក្រុ ស្ត្រីខាងលើ មួយថ្ងៃៗរវល់តែលេងល្បែងសុីសង «បៀ» មិនគិតពីការងារផ្ទះសម្បែង មិនរវល់បាយទឹក ប្តី កូន ដោយញៀននឹងល្បែងសុីសង ហើយត្រូវបានកម្លាំងព្រហ្មទណ្ឌស្រុករវៀង ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងផង ចុះទៅបង្ក្រាបឃាត់ខ្លួនបាន១១នាក់ ដកហូតវត្ថុតាង បានបៀចំនួន១០ហ៊ូ កាបូបស្ពាយចំនួន៣ ទូរស័ព្ទចំនួន៦គ្រឿង និងប្រាក់៥៦៣០០០០រៀល រួចនាំយកទៅសាកសួរនៅផ្នែកជំនាញ ។

ក្រុមស្ត្រីញៀនល្បែងទាំង១១នាក់ មកដល់ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ សមត្ថកិច្ចបញ្ជូនទៅតុលាកាខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

