ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋស្នើរឱ្យអាជ្ញាធរពាក់ព័ន្ធ មន្ទីរបរិស្ថាន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ជួយពិនិត្យមើល ដីព្រៃបរិស្ថាន ដែលជាដីរបស់រដ្ឋនៅក្នុងភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុក/ខេត្តត្បូងឃ្មុំ ខណៈត្រូវបានជនខិលខូចលួចកាប់ឈូសឆាយ រំលោភ បោះបង្គោលកំណត់ព្រំ យកធ្វើជាកម្មសិទ្ធិស្ទើរអស់ហើយ។

លោក នី សុធី ប្រធានមន្ទីរបរិស្ថានខេត្តបានឲ្យដឹងនាពេលថ្មីៗនេះថា នៅឆ្នាំ២០២៤ តំបន់ហ្នឹងតាំងពីឆ្នាំ ២០១៤ បំបែកខេត្តចេញពីកំពង់ចាមមក នៅមានភាពស្មុកស្មាញបន្តិច ឥឡូវនេះក្រុមការងារ បានពិនិត្យឡើងវិញ ហើយមានកន្លែងខ្លះត្រូវខ្វៀលចេញ តំបន់ខ្លះនៅរក្សាទុកនៅសម្រាប់ដាក់ជាតំបន់ការពារធម្មជាតិ រួមទាំងបឹងចំនួន៥ទៀត ហើយបច្ចុប្បន្នកំពុងតែឈានទៅបញ្ចប់អនុក្រិត្យហើយ ក្រុមការងារពីក្រសួងបរិស្ថាន កំពុងតែចុះធ្វើការងារហ្នឹងបន្តទៅទៀត ។

លោកប្រធានបានបន្តឲ្យដឹងទៀតថា ការងារនេះកាលពី ៣ទៅ៤ខែមុនមានកិច្ចប្រជុំ១ ដឹកនាំដោយអភិបាលរងខេត្តជំនាញខាងដីធ្លី ដោយតំបន់ហ្នឹង កន្លងមកនៅមិនទាន់ដាក់ជាតំបន់ការពារធនធានធម្មជាតិនៅឡើយ ដោយពេលនេះរៀបចំគោលការណ៍ដាក់ឲ្យទៅជាតំបន់ការពារធម្មជាតិថា ទាក់ទងនឹងរាល់បទល្មើសនៅក្នុងហ្នឹង មន្ទីរបរិស្ថានសហការជាមួយរដ្ឋបាលជលផល ចាត់វិធានការផ្លូវច្បាប់ទៅលើអ្នកប្រព្រឹត្តបទល្មើសនៅតំបន់នេះ។

ប្រជាពលរដ្ឋរស់នៅភូមិទួលវិហារបានឲ្យដឹងថា សកម្មភាពបំផ្លិចបំផ្លាញ ដីព្រៃបរិស្ថានចំណុចខាងលើនេះ មានយូរមកហើយ សព្វថ្ងៃតំបន់នេះ ជាដីព្រៃរបស់រដ្ឋមែន តែដីព្រៃនោះ គឺមានម្ចាស់កម្មសិទ្ធិអស់ហើយ ប្រជាពលរដ្ឋបានសំណូមពរទៅលោកអភិបាលខេត្ត ដែលទើបចូលកាន់ដំណែងថ្មីៗ ជួយចាត់វិធានការផង ទៅលើសកម្មភាពកាប់បំផ្លាញ ដីព្រៃបរិស្ថានធម្មជាតិជាង៦០០ហិកតានេះ។

ប្រជាពលរដ្ឋបន្ថែមថា នៅឆ្នាំ២០២៤នេះ ដីព្រៃបរិស្ថានក្នុងឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយអាជ្ញាធរ និងជំនាញហាក់នៅមិនទាន់មាន ចំណាត់ទៅលើជនខិលខូចដែលកំពុងទន្ទ្រានដីព្រៃបរិស្ថានដែលជាដិរបស់រដ្ឋនៅឡើយទេ៕
អត្ថបទ៖ អាចារ្យលាក់

