សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា សម្តេច បានផ្ដួចផ្ដើមគំនិត ក្នុងការបង្កើតនូវមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្ដោយព្រំដែនកម្ពុជា និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមដោយ ផ្ទាល់ទាំងអស់គ្នា។
ការលើកឡើងរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះធ្វើឡើង តាមរយៈសេចក្ដីថ្លែង ការណ៍បង្ហាញអំពីសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧និងត្រូវបាន ចាក់ផ្សាយតាមបណ្តាញផ្សព្វផ្សាយនានា នៅយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ន។
បើតាមសម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល កម្ពុជា បានកសាងផ្លូវតាមបណ្តោយព្រំដេនជាមួយប្រទេសជិតខាងវៀតណាម ថៃ ឡាវ ក្នុងនោះ ព្រំដែនកម្ពុជា-វៀតណាម កសាងផ្លូវបាន ៦៨៦.៩៦គីឡូម៉ែត្រ លើផែនការសរុប ១០៦៦គីឡូម៉ែត្រ។
តាមរយៈសេចក្តីថ្លែងការនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យរៀបចំកម្មវិធី ចំនួន២បន្ថែមទៀត គឺ កម្មវិធីដំណើរកម្សាន្ដដោយឥតគិតថ្លៃ នៅរៀងរាល់ចុងសប្ដាហ៍ចាប់ ផ្ដើមអនុវត្តនៅខែកញ្ញា រហូតចុងឆ្នាំ២០២៤ ដើម្បីឲ្យប្រជាពលរដ្ឋ ពិសេសយុវជនបាន ឃើញជាក់ស្ដែងនូវផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍ។
ការបង្ហាញនូវគំនិតផ្តួចផ្តើមថ្មីៗពាក់ព័ន្ធនឹងការអភិវឌ្ឍនៅតាមបណ្តាខេត្តជាប់ព្រំដែនរបស់ សម្តេចប្រមុខរាជរដ្ឋាភិបាលនេះ បានធ្វើឡើងស្របពេលដែលមជ្ឈដ្ឋានមួយចំនួនបាន បានបង្ហាញនូវក្តីបារម្ភអំពីការបាត់បង់ទឹកដីទៅឲ្យប្រទេសជិតខាងនៅក្រោមកិច្ចសហការត្រីកោណអភិវឌ្ឍន៍ CLV បើទោះជារាជរដ្ឋាភិបាលបានពន្យល់ម្តងហើយម្តងទៀតថា គម្រោងនេះមិនប៉ះពាល់ដល់បូរណភាពទឹកដីក្តី៕


