សេអ៊ូល៖ អាជ្ញាធរបាននិយាយនាថ្ងៃសុក្រ នេះថា មនុស្សចំនួន ៧នាក់បានស្លាប់ និង ១២នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះសណ្ឋាគារមួយកន្លែងក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤។

ក្រសួងមហាផ្ទៃកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគ្គិភ័យបានផ្ទុះឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ នៅក្នុងបន្ទប់មួយនៅជាន់ទី៨ នៃសណ្ឋាគារកម្ពស់ ៩ជាន់មួយកន្លែង ក្នុងទីក្រុង Bucheon ចម្ងាយប្រហែល ២៥គីឡូម៉ែត្រភាគខាងលិចទីក្រុងសេអ៊ូល។

ក្រសួង​បាន​និយាយ​ថា មន្រ្តីពន្លត់អគ្គិភ័យ​​បានប្រើពេលប្រហែល ៣ម៉ោងក្រោយកើតហេតុ ដោយមនុស្ស ៣នាក់រងរបួសធ្ងន់ ចំណែកមូលហេតុនៃការឆាបឆេះនៅមិនទាន់ដឹងនៅឡើយទេ។

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់ទីក្រុងសេអ៊ូល បានឱ្យដឹងថា សណ្ឋាគារកម្ពស់ ៩ជាន់នេះមាន ៦៤បន្ទប់ និងមានភ្ញៀវចំនួន ២៧នាក់បានស្នាក់នៅទីនោះនៅពេលដែលអគ្គីភ័យបានឆាបឆេះ។

សូមជម្រាបថា កាលពីខែមិថុនា កន្លងទៅថ្មីៗនេះ មនុស្ស ២៣នាក់បានស្លាប់នៅក្នុងអគ្គីភ័យដ៏ធំមួយនៅឯរោងចក្រផលិតអាគុយលីចូមរបស់កូរ៉េខាងត្បូង ដែលជាគ្រោះមហន្តរាយរោងចក្រដ៏អាក្រក់បំផុតមួយរបស់ប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕

ប្រភព៖ CNA

Share.