ភ្នំពេញ ៖ យុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកម្នាក់ទៀតរងរបទសធ្ងន់ បាក់ដៃ បាក់ជើង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តកុងតឺន័របើករំលោភភ្លើងស្តុប ទៅបុកម៉ូតូហុងដាឌ្រីម អូសច្រើនម៉ែត្រ ហើយបើកគេចទៅបាត់។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវសុី ជីនពីង ចំណុចភ្លើងស្តុប កែងផ្លូវបេតុងវត្តជន្លង់ម្លូ ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះម្នាក់ស្លាប់នៅកន្លែងមានឈ្មោះ វឿន ប្រុសសាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតនៅឯខេត្តសៀមរាប ។ ចំណែកជនរងគ្រោះម្នាក់ទៀតរងរបួសធ្ងន់ ឈ្មោះ អែម រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្បែរខាងគ្នា មានស្រុកកំណើត ភូមិសំរោង ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង របួសបាក់ដៃស្តាំ និងបាក់ជើងឆ្វេង ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JW-879 ឌុបគ្នាដោយជនរងគ្រោះឈ្មោះ វឿន ប្រុសសាក់ ជាអ្នកបើក តាមផ្លូវបេតុងវត្តជន្លង់មហលូ ពីលិចទៅកើត ឆ្លងផ្លូវ សុី ជីនពីង ស្រាប់តែមានរថយន្តកុងតឺន័រ មួយគ្រឿងបើកលឿនលឿនពីជើងទៅត្បូង រំលោភភ្លើងស្តុប ទៅបុកម៉ូតូអូសច្រើនម៉ែត្របោកផ្ទប់នឹងខឿនទ្រូងផ្លូវ បណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់ រថយន្តបើករត់គេចចូលការ៉ាស់បាត់ ។

ក្រោយកើតហេតុជនរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកសាកសពយុវជនម្នាក់ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯខេត្តសៀមរាប ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ និងស្រាវជ្រាវ សហការណ៍ជាមួយមូលដ្ឋាន ដើម្បីស្វែងរករថយន្តបង្ក ទៅដោះស្រាយតាមច្បាប់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.