ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែសីហាឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ទិតសុទ្ធី បូរ៉ាឆាត បានចេញដីកាឃុំខ្លួនជនជាប់ចោទអតីតព្រះសង្ឃវត្តថាន់ ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្នពីបទ ប៉ុនប៉ងឃាតកម្ម (ប្រើកាំបិតតាំងតោកាប់លើជនរងគ្រោះ)។
ជនសង្ស័យឈ្មោះ ហឿន វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុងវត្តថាន់ ផ្លូវនរោត្តម កុដ្ឋលេខ០៣ បន្ទប់លេខ២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ករណី ប៉ុនប៉ងឃាតកម្ម (ប្រើកាំបិតបុ័ងតោកាប់)នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៥ និង ៣០នាទី ទៀបភ្លឺ នៅចំណុចក្នុងវត្តថាន់ ផ្លូវព្រះនរោត្តម ស្ថិតនៅក្រុម៣៨ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ សេង សេតម្ពរ ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅបណ្តោះអាសន្នជាមួយយាយដែលជាដូនជីក្នុងវត្តថាន់ ស្ថិតនៅក្រុម៣៨ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រងរបួសធ្ងន់ ដាច់រយះក្បាលជាច្រើនកន្លែង ព្រមទាំងដាច់រយះចង្កាធ្ងន់ និង ដាច់រយះលើផ្ទៃបាតដៃ (កំពុងសង្គ្រោះបន្ទាន់មន្ទីពេទ្យព្រះអង្គឌួង)។
ដោយមានកិច្ចសហការពី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ,កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងនាយកដ្ឋានច្រកទ្វារទី១ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ នៅច្រកព្រំដែនកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃដដែល ។

វត្ថុតាងចាប់យកបាន៖ ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPHONE ពណ៌ស (ជារបស់ជនរងគ្រោះ) សម្ភារផ្សេងៗមួយចំនួន បន្ទាប់ពីធ្វើការសាកសួរ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ឃើញថាៈ ករណីនេះកើតឡើងដោយ ការប្រចណ្ឌ ដោយជនរងគ្រោះ និងជនសង្ស័យបាន ស្រលាញ់គ្នាអស់រយៈពេល ០២ឆ្នាំមកហើយ ក្នុងរយៈពេលថ្មីៗនេះ ជនរងគ្រោះបានទាក់ ទងគ្នាជាមួយអ្នកផ្សេង ជាហេតុធ្វើឲ្យជនសង្ស័យប្រចណ្ឌ និងខឹងគុំកួនជាមួយជន រងគ្រោះជាខ្លាំង ទើបមានគំនិតប៉ុនប៉ងសម្លាប់ជនរងគ្រោះតែម្តង ដោយនៅថ្ងៃកើតហេតុ ជនសង្ស័យបានដាក់កាំបិតបុ័តតោជាប់ខ្លួន លុះពេលបានជួបជាមួយជនរងគ្រោះ ក៏បានដកកាំបិតបុ័ងតោចេញ កាប់ទៅលើជនរងគ្រោះតែម្តង ៕
អត្ថបទ៖ ចតុម្មុខ

