កណ្តាល ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រភេទMK82 ជាគ្រាប់ទម្លាក់តាមយន្តហោះ ចំនួន២គ្រាប់ ត្រូវបានប្រទះឃើញនៅក្នុងរណ្តៅដី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានអង្គភាពសុីម៉ាក់ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន ដើម្បីបន្សាប យកទៅរក្សាទុកនៅកន្លែងមានសុវត្តិភាព កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា រណ្តៅដីមួយកន្លែងក្នុងស្រុកកណ្តាលស្ទឹង ថៅកែមិនខ្វល់ពីហានិភ័យ ពីសុវត្តិភាព ប្រទះឃើញគ្រាប់MK82នេះហើយ សុខចិត្ត ជីកាប់ក្រឡឹងយកអាចម៌ដីដឹកលក់ រហូតដល់មានការរិះគន់ពីបងប្អូនប្រជាពលរដ្ឋ ខ្លាចមានគ្រោះថ្នាក់ ទើបសមត្ថកិច្ច រាយការណ៍ទៅអង្គភាពសុីម៉ាក់ ដើម្បីចុះទៅបន្សាប ប្រមូលយកទាំង២គ្រាប់ទៅរក្សាទុកនៅទីមានសុវត្តិភាពកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ។

តាមអ្នកជំនាញ គ្រាប់MK82 ជាប្រភេទគ្រាប់ទម្លាក់តាមយន្តហោះ ក្នុង១គ្រាប់ទម្ងន់២៣០គីឡូក្រាម ដែលមានអនុភាពខ្លាំង បានបន្សល់ទុកតាំងពីសម័យសង្គ្រាមទសវត្សឆ្នាំ៧០ ។

អត្ថបទ៖ តាតុងសែនជ័យ

