វីដេអូខ្លីមួយដែលបង្ហោះដោយបុរសសង្ហាសាច់សខ្ចី ដូចស្រីក្រមុំ អេឡិច ចិត្រា កំពុងតែធ្វើឱ្យមជ្ឈដ្ឋានមហាជនមានការចាប់អារម្មណ៍ និងតាមដាន ព្រោះតែមានអ្នកសង្ស័យថាតើនេះជាការពិត ឬមួយគ្រាន់តែជាការសម្ដែង ឬក៏ថតបង្ហាញឱ្យសំអាងការ?

វីដេអូខ្លីដែលមានរយៈពេលត្រឹមប្រមាណជាង៣០វិនាទី ដែលបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម ចេញពីផេកផ្លូវការរបស់លោក អេឡិច ចិត្រា នាថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ ២០២៣ នេះ លោក អេឡិច ចិត្រា មិនត្រឹមតែបង្ហោះជាវីដេអូធម្មតា តែលោកបានភ្ជាប់ជាមួយនឹងសំណេរខ្លីថា៖ កូនក្រមុំរបស់បង ដែលប្រការនេះធ្វើឱ្យមានអ្នកចាប់អារម្មណ៍ និងចង់ដឹងកាន់តែខ្លាំង ខណៈដែលមានមនុស្សមួយភាគធំ បានសរសើរពីភាពសមគ្នារបស់លោក អេឡិច ចិត្រា និងកញ្ញា ពេជ្រ សិរីរ័ត្ន។



យ៉ាងណាមិញមនុស្សមួយភាគយល់ថារូបភាពវីដេអូនោះគឺគ្រាន់តែជាការថតផ្សព្វផ្សាយឱ្យសំអាងការរបស់លោក Dee Daniel ប៉ុណ្ណោះ ព្រោះគេឃើញលោកបានចូលមកអរគុណខាងក្រោមផុសខាងលើ ស្របពេលដែលភាគីកញ្ញា ពេជ្រ សិរីរ័ត្ន ក៏ថតក្នុងឈុតស្លៀកសំលៀកបំពាក់បុរាណសម្រាប់ប្រើក្នុងពិធីរៀបអាពាហ៍ពិពាហ៍ផងដែរ ហើយថែមទាំងបានអរគុណដល់ម្ចាស់សំអាងការលោក Dee Daniel ខាងលើដូចគ្នាដែរ។

តែជាការកត់សម្គាល់ លោក អេឡិច ចិត្រា ក៏បានបង្ហោះដំបូងផងដែរថា Pre-Wedding ព្រមទាំងដាក់ភ្ជាប់ដោយ Hashtag ឈ្មោះសំអាងការផងដែរ។ ត្បិតថាមានការសរសេរបែបនេះពីសំណាក់សាមីខ្លួន ប៉ុន្តែមិនទាន់មានអ្នកជឿទាំងស្រុងនោះឡើយ អាស្រ័យដោយអ្នកទាំងពីរសុទ្ធសឹងជាតារាសម្ដែង បង្ហាញម៉ូដ ដូច្នេះគេខ្លាចថាគ្រប់យ៉ាងវាគ្រាន់តែជាការថតបង្ហាញម៉ូដ ថតស្ពត ឬគ្រាន់តែជាការថតផ្សព្វផ្សាយសម្រាប់សំអាងការខាងលើ ល្គឹកណា មិនទាន់ឃើញអ្នកទាំងពីរចែកធៀបការ និងចូលរោងការក្រាបផ្ទឹមដល់កន្ទេល។

