ភ្នំពេញ ៖ ជនសង្ស័យម្នាក់ឃើញម៉ូតូស្កុបពី មានជាប់កូនសោនៅជាមួយផង ខណៈដែលម្ចាស់ជាស្ត្រីម្នាក់ជាប់រវល់រៀបអុីវ៉ាន់លក់ដូរ ស្រាប់តែឡើងជិះបម្រុងរត់គេចខ្លួន ផ្អើលពលរដ្ឋ ម្ចាស់រត់ទៅចាប់ទាញជនសង្ស័យទម្លាក់ពីលើម៉ូតូ នាំគ្នាចាប់ក្របួចជាប់ប្រគល់ឱ្យសមត្ថកិច្ច រកឃើញមានទាំងសម្ភារៈសម្រាប់កាច់សោកម៉ូតូទៀតផង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម៉ូតូដែលជនសង្ស័យប៉ុនប៉ងលួច ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FK-1701 មានម្ចាស់ជាស្ត្រីម្នាក់ ជាអ្នកលក់ដូរ ។
តាមប្រភពបានឱ្យដឹងថា ស្ត្រីជាម្ចាស់ជិះម៉ូតូ ទៅកន្លែងលក់ដូរ ដោយចតទុកម៉ូតូដាក់ក្បែរខ្លួនដោយមិនបានដកកូនសោចេញទេ រវល់តែរើរៀបអុីវ៉ាន់ ស្រាប់តែជនសង្ស័យដើរទៅឃើញ ឆ្លៀតឱកាសឡើងជិះចេញបម្រុងគេចខ្លួន បានអ្នកជិតខាថឃើញស្រែកឆោឡោ ម្ចាស់ស្ទុះរត់ទៅចាប់ទាញជនសង្ស័យទម្លាក់ពីលើម៉ូតូ នាំគ្នាក្របួចចាប់ជាប់ប្រគល់ឱ្យសមត្ថកិច្ច ដោយរកឃើញមានឧបករណ៍សម្រាប់កាច់សោម៉ូតូ សម្ភារៈមួយចំនួនជាប់នឹងខ្លួនទៀតផង ។

ជនសង្ស័យត្រូវបាននាំយកទៅសាកសួរនៅប៉ុស្តិ៍កាកាបទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ ចាត់ការបន្តតាមនីតិវិធី ៕
អត្ថបទ៖ តាតុងសែនជ័យ

