កណ្តាល៖ ឃាត់ខ្លួនជនសង្ស័យ៣នាក់ បន្ទាប់ពីថ្វើសកម្មភាព ចូលលួចកាបូបអ្នកលក់ដូរម្នាក់ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១១:៣០នាទី ស្ថិតនៅរោងលក់អីវ៉ាន់របស់ជនរងគ្រោះ នៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនសង្ស័យទាំង០៣នាក់ ទី១.ឈ្មោះ លី សាគីរីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ១ ក្រុម៣ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ២.ឈ្មោះ រំលី សូហ្វី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ១ ក្រុម៣ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ៣.ឈ្មោះ នោ វ៉ាវី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។ ទាំង៣នាក់មានសារធាតុញៀននៅក្នុងទឹកនោម។

នៅក្នុងប្រតិបត្តការណ៍ខាងលើ សមត្ថកិច្ចដកហូត វត្ថុតាងចាប់យករួមមាន កាបូបប្រាក់ ០១ .ទូរស័ព្ទ០១គ្រឿង ម៉ាក OPPO ពណ៌ផ្ទៃមេឃ (របស់ជនរងគ្រោះ)។ .ទូរស័ព្ទ០១គ្រឿង ម៉ាក OPPO A18 ពណ៌ខ្មៅ ។ម៉ូតូ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1KD-7575 (របស់ជសង្ស័យឈ្មោះ លី សាគីរីន) ។

តាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ជនសង្ស័យទាំង០៣នាក់ខាងលើ បានជួបជុំគ្នានៅផ្ទះម្នាក់ នៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល។ ក្រោយពីជួបជុំគ្នាជនសង្ស័យទាំង០៣នាក់ បាននាំគ្នាជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1KD-7575 ក្នុងគោលបំណងដើរធ្វើសកម្មភាពឆក់តាមបណ្ដោយផ្លូវជាតិលេខ៦ ពេលជិះមកដល់ចំណុចតូបលក់ដូររបស់ជនរងគ្រោះ ក្រុមជនសង្ស័យក៏បានឈប់ម៉ូតូដើម្បីទិញបារីជក់ ហើយក្រុមជនសង្ស័យក៏បានឃើញកាបូប និងទូរស័ព្ទរបស់ជនរងគ្រោះទុកនៅលើគ្រែក្នុងរោង ក្រោយពីទិញបារីរួច ក្រុមជនសង្ស័យក៏ជិះម៉ូតូចេញដោយនិយាយគ្នា ដើម្បីរៀបចំផែនការចូលទៅលួចកាបូប និងទូរស័ព្ទរបស់ជនរងគ្រោះ។

ក្រោយនិយាយគ្នារួចជនសង្ស័យទាំង០៣នាក់ ក៏ជិះម៉ូតូត្រឡប់មករោងលក់ដូរជនរងគ្រោះវិញ ហើយជនសង្ស័យម្នាក់ បានឱ្យជនរងគ្រោះចាក់សាំងចំនួនកន្លះលីត្រ ចំណែកជនសង្ស័យម្នាក់ទៀតបានដើរចូលទៅ ធ្វើសកម្មភាពលួចយកកាបូបប្រាក់ និងទូរស័ព្ទរបស់ជនរងគ្រោះដែលទុកនៅលើគ្រែ យកមកលាក់នៅក្នុងអាវរបស់ខ្លួនចៃដន្យ ជនរងគ្រោះក៏បានឃើញហើយស្រែកថា”ចោរៗ” ធ្វើឱ្យជនសង្ស័យនាំគ្នាបានរត់គេចខ្លួនដោយបោះកាបូបប្រាក់ និងទូរស័ព្ទរបស់ជនរងគ្រោះចោល នៅលើផ្លូវជាតិ នឹងបង្កការភ្នាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាដេញចាប់ជនសង្ស័យបានម្នាក់ ។ ចំណែកឯជនសង្ស័យចំនួន០២នាក់ទៀត ក៏ត្រូវបានជនរងគ្រោះនិងក្រុមគ្រួសារចាប់ជាប់ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចយកកាបូបប្រាក់ និងទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
អត្ថបទ៖ កណ្តាល

