សិល្បៈជាតិ៖ ពាក្យចាស់លោកពោលថា មនុស្សល្អទោះស្លាប់ក៏បន្សល់កេរ្តិ៍ឈ្មោះល្អ និងការចងចាំល្អ សម្រាប់ឱ្យអ្នកដទៃរលឹកដល់ មិនខុសអ្វីពីអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ត្បិតលោកបានចែកឋានយូរហើយក្ដីប៉ុន្តែអ្នកសិល្បៈជំនាន់ក្រោយ មានដូចជា ម៉ម ពេជ្ជរិទ្ធ នៅតែនឹករលឹក ជានិច្ចដោយបានផុសរំលឹកខួបកំណើតទី ៩១ឆ្នាំ របស់អតីតអធិរាជសំឡេងមាសរូបនេះផងដែរ។

មិនត្រឹមតែរំលឹកដល់នោះទេ តារាចម្រៀងវ័យក្មេង តែមានបទពិសោធសិល្បៈពេញខ្លួនរូបនេះបានទាំងទម្លាយឱ្យដឹងផងដែរថាលោកនឹងលើកយកបទចម្រៀងមរតកដើម ដែលជាសំនៀងដ៏ផ្អែមពីរោះរបស់លោក ស៊ីន ស៊ីសាមុតមកច្រៀងនៅថ្ងៃអាទិត្យខាងមុខថែមទៀត។


នៅក្នុងការលើកឡើងទាំងស្រុងរបស់ ពេជ្ជរិទ្ធ នៅថ្ងៃខួបកំណើតរបស់អធិរាជសំឡេងមាស កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បុរសវ័យក្មេងដែលមានសំឡេងផ្អែមស្រទន់រូបនេះ បានចោទជាសំនួរឱ្យអ្នកគាំទ្រខ្លួនបានទាយកំសាន្តលេងដែរថា តើលោកនឹងច្រៀងបទលោកតា ស៊ីន ស៊ីសាមុតក្នុងកម្មវិធីអ្វីទៀតផង។
«ក្នុងថ្ងៃរំលឹកខួបកំណើតទី ៩១ របស់លោកតា Sinn Sisamouth – ស៊ីន ស៊ីសាមុត ខ្ញុំបាទ ម៉ម ពេជ្ជរិទ្ធ ពិតជាដឹងគុណអស់ពីចិត្ត ចំពោះលោកតាដែលបានបន្សល់ទុកនូវមរតកសំនៀង តន្ត្រី ជាច្រើន ពីរោះរណ្ដំ រកប្រដូចពុំបាន។ ខ្ញុំបាទ សូមគោរពជូនពរ ឱ្យមរតកសំនៀងរបស់លោកតា នៅឋិតថេរ គង់វង្ស ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរបានយូរអង្វែងតទៅ។ នៅថ្ងៃអាទិត្យនេះ ខ្ញុំបាទ ក៏មានកិត្តិយស បកស្រាយចម្រៀងមួយបទរបស់លោកតា ចំណងជើងថា ទិវាវសាន នៅក្នុងកម្មវិធីមួយដែរ… បងប្អូនទាយមើល ថាជាកម្មវិធីអ្វី?»

សំណេររបស់ ម៉ម ពេជ្ជរិទ្ធ ត្បិតថាមើលទៅឃើញសាមញ្ញ ប៉ុន្តែបើគិតឱ្យស៊ីជម្រៅ ធ្វើឱ្យអ្នកគាំទ្រជាច្រើនអត់មិនសរសើរយុវជនវ័យក្មេងរូបនេះពុំបានព្រោះត្បិតមិនមានជាប់ជាសាច់ញាតិ តែក្នុងនាមជាតារាចម្រៀងនិងជាសិស្សប្អូនក្នុងវិស័យសិល្បៈការរំលឹក និងនឹកដល់រៀមច្បង បានបង្ហាញពីការដាក់ខ្លួន ឱនលំទោន ស្គាល់ខ្ពស់ទាប ជាពិសេសគឺបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងមិនបំភ្លេចចោលរៀមច្បង ដែលមានស្នាដៃល្បីល្បាញក្នុងវិស័យសិល្បៈចម្រៀង ជាបុគ្គលដែលធ្វើឱ្យសិល្បៈចម្រៀងខ្មែរស្ថិតមានភាពល្បីល្បាញនិងរុងរឿងមិនចាញ់បណ្ដាប្រទេសនានា។

