យ៉ាងយូរមួយឆ្នាំទៀត រោងចក្រដំឡើងរថយន្តអគ្គិសនី នឹងមានវត្តមាននៅកម្ពុជា ដែលមានសមត្ថភាពដំឡើងរថយន្តបានចន្លោះពី ៣ពាន់ ទៅ ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ហើយតាមរយៈការសាងសង់រោងចក្រដំឡើងរថយន្ត និងស្ថានីយសាកថាមពលនេះ នឹងបង្កើតឱកាសការងារឲ្យប្រជាពលរដ្ឋក្នុងតំបន់ប្រមាណជាង ២ពាន់កន្លែង រួមមានផ្នែកសំណង់ ផ្នែកផលិត ផ្នែកគ្រប់គ្រង ផ្នែកភស្តុភារកម្ម ផ្នែកដំឡើងផ្គុំ និងផ្នែកកិច្ចការស្រាវជ្រាវនិងអភិវឌ្ឍន៍ជាដើម។ ឯកឧត្ដម កែវ រតនៈ លើកឡើងដូច្នេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនី របស់ក្រុមហ៊ុន ZO MOTORS នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្ដម កែវ រតនៈ៖
ដូច្នេះ ថ្ងៃនេះជាការបញ្ចេញសារមួយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតថា កម្ពុជាមិនមែនគ្រាន់តែចង់ធ្វើភ្លើងសម្រាប់បំភ្លឺផ្ទះ និងមើលទូរទស្សន៍ប៉ុណ្ណោះទេ ឬមួយគ្រាន់តែចង់យកភ្លើងទៅធ្វើឧស្សាហកម្ម ឬបូមទឹកកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជានឹងឈានទៅរកការទទួលខុសត្រូវផ្នែកបរិស្ថាន នឹងការដឹកជញ្ជូនតាមរយៈការដាក់ឲ្យប្រើប្រាស់ជាបន្តបន្ទាប់នូវរថយន្តអគ្គិសនី និងម៉ូតូអគ្គិសនី។
រថយន្តអគ្គិសនី ដែល ZO MOTORS CAMBODIA ដំឡើង មិនមែនគ្រាន់តែជារថយន្តខ្នាតតូច លក្ខណៈគ្រួសារទេ គឺជាប្រភេទរថយន្តដឹកជញ្ជូនទំនិញ ៣តោនកន្លះ ដល់១៥តោន និងរថយន្តវ៉ាន (Van) ១៥កៅអី ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការដឹកជញ្ជូនអ្នកដំណើរ និងចែកចាយទំនិញនៅក្នុងស្រុក។
ឯកឧត្ដម កែវ រតនៈ៖
នេះមិនមែនជារថយន្តសម្រាប់ជិះលេងជាលក្ខណៈគ្រួសារប៉ុណ្ណោះទេ វាគឺជារថយន្តសម្រាប់ដឹកជញ្ជូនទំនិញ ទៅកាន់គ្រប់ទីកន្លែងទាំងអស់ដោយមិនបំពុលបរិស្ថាន និងមានតម្លៃថោក។
នៅដំណាក់កាលដំបូង ក្រុមហ៊ុន ZO MOTORS បានបោះទុនវិនិយោគចំនួន ១០លានដុល្លារ ទៅលើរោងចក្រដំឡើងរថយន្តអគ្គិសនីនេះ ប្រសិនបើដំណើរការជោគជ័យ ក្រុមហ៊ុនអាចនឹងបន្ថែមទំហំវិយោគថែមទៀត។
បើតាមការលើកឡើងរបស់តំណាងក្រុមហ៊ុន ZO MOTORS CAMBODIA មូលហេតុដែលឈានទៅដល់ការសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា ក៏ដោយសារក្រុមហ៊ុនជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលរក្សាបាននូវ សន្តិភាព ស្ថិរភាពនយោបាយ ជាមួយគ្នានេះស្ថានភាពសេដ្ឋកិច្ចក៏ហាក់ដូចជាស្ទុះឡើងវិញបន្ទាប់ពីរងការញាំញីពីជំងឺឆ្លងកូវីដ-១៩។ ជាពិសេសកម្ពុជា បានកសាងគោលនយោបាយគាំទ្រដល់ការប្រើប្រាស់ថាមពលបៃតង ឬថាមពលកកើតឡើងវិញ។
ឯកឧត្ដម កែវ រតនៈ៖
យើងអាចគ្រប់គ្រងរឿងមួយបាន ប្រសិនបើយើងខិតខំធ្វើថាមពលបៃតងឲ្យបានច្រើន ធ្វើឲ្យបណ្ដាញអគ្គិសនីជាតិរឹងមាំ មិនងាយដាច់ចរន្ត ដូច្នេះក្រុមហ៊ុនដែលមកវិនិយោគ គេនឹងសាងសង់ស្ថានីយសាកថាមពលគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយមិនមែនផ្ដាច់មុខតែក្រុមហ៊ុនមួយប៉ុណ្ណោះទេ គឺត្រូវបើកឲ្យមានការចូលរួមប្រកួតប្រជែងដោយសេរី។
សូមជម្រាបអំពីក្រុមហ៊ុន ZO MOTORS គឺជាក្រុមហ៊ុនផលិត និងចែកចាយរថយន្តដឹកទំនិញពាណិជ្ជកម្មប្រើប្រាស់ថាមពលអគ្គិសនី ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។ កម្ពុជា ជាប្រទេសដំបូងក្នុងតំបន់ អាស៊ីអាគ្នេយ៍ដែលក្រុមហ៊ុននេះសម្រេចបោះទុនវិនិយោគ លើទំហំផ្ទៃដីសរុប ១០ ហិចតារ។ ក្រុមហ៊ុននេះបានដាក់ផែនការក្នុងរយៈពេល៣ឆ្នាំដំបូង នឹងដំឡើងរថយន្តឲ្យបាន ៣ពាន់គ្រឿងក្នុងមួយឆ្នាំ ប្រសិនបើដំណើរការបានជោគជ័យក្នុងរយៈពេល៣ឆ្នាំ ក្រុមហ៊ុននឹងបង្កើនផលិតភាព ដល់ ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។
អត្ថបទ៖ ឈិន ធារ៉ាត់

