ចាប់តាំងពីឆ្នាំ ១៩៨០ មកដល់ពេលនេះ កម្ពុជាសម្រេចបានលទ្ធផលជាវិជ្ជមានគួរឲ្យកត់សម្គាល់ ក្នុងផ្គត់ផ្គង់ថាមពលអគ្គិសនី និងបានបញ្ចុះតម្លៃអគ្គិសនីជាបន្តបន្ទាប់ ពោលគឺចាប់ពី ៦ ៥០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង មកនៅត្រឹមខ្ពស់បំផុត ៧៣០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។ ចំណែកឯការផ្គត់ផ្គង់វិញ បានវិវដ្ដពីមួយថ្ងៃប្រើបានតែ ៣ម៉ោង មកដល់បច្ចុប្បន្នប្រើបាន ២៤ម៉ោងក្នុងមួយថ្ងៃ។

នេះជាការពន្យល់របស់ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនី នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៤។
រដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា តម្លៃអគ្គិសនីនៅកម្ពុជាបានចុះថោកជាបន្តបន្ទាប់ និងបន្តចុះបន្ថែមទៀត ខណៈបរិមាណនៃការផ្គត់ផ្គង់ ក៏ត្រូវតែបង្កើនឲ្យកាន់តែច្រើន ដើម្បីធានាការផ្គត់ផ្គង់បានគ្រប់គ្រាន់ទាន់ពេលវេលា នឹងជំរុញឲ្យមានការកើនឡើងនូវការប្រើប្រាស់ថាមពលបៃតងនៅកម្ពុជាឲ្យកាន់តែច្រើន ដែលវានឹងចូលរួមចំណែកក្នុងការការពារបរិស្ថាន។
បច្ចុប្បន្នតម្លៃអគ្គិសនីនៅកម្ពុជា សម្រាប់អ្នកប្រើប្រាស់ប្រភេទពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម រដ្ឋបាល និងផ្សេងៗទៀត ដែលភ្ជាប់ពីខ្សែបណ្ដាញតង់ស្យុងមធ្យម និងភ្ជាប់ពីក្រោមត្រង់ស្វូចែកចាយតាមកុងទ័រ មានចន្លោះពី ៤៤៨រៀល ដល់៧០៣រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។ សម្រាប់អ្នកប្រើប្រាស់នៅតាមលំនៅឋាន ដែលភ្ជាប់ពីខ្សែបណ្ដាញចែកចាយ មានចន្លោះពី៖
៣៨០ រៀល ក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់អ្នកប្រើអស់ ១ ដល់១០ គីឡូវ៉ាត់ម៉ោង
៤៨០ រៀល ក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់អ្នកប្រើអស់ ១១ ដល់៥០ គីឡូវ៉ាត់ម៉ោង
៦១០ រៀល ក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់អ្នកប្រើអស់ ៥១ ដល់ ២០០ គីឡូវ៉ាត់ម៉ោង
៧៣០ រៀល ក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់អ្នកប្រើអស់លើសពី ២០០ គីឡូវ៉ាត់ម៉ោងឡើងទៅ
សម្រាប់សាលារៀន មន្ទីរពេទ្យ នៅតាមជនបទ តម្លៃ ៦១០ រៀល ក្នុង១គីឡូវ៉ាត់ម៉ោង
សម្រាប់អ្នកបូមទឹកធ្វើកសិកម្ម និងប្រើប្រាស់ក្នុងវិស័យកសិកម្ម ដែលភ្ជាប់ពីខ្សែបណ្ដាញចែកចាយតម្លៃ ៤៨០ រៀល ក្នុង១គីឡូវ៉ាត់ម៉ោង៕

អត្ថបទ៖ ឈិន ធារ៉ាត់

