កណ្តាល ៖ ក្មេងស្រីសិស្សសាលាម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង ចំណែកក្មេងស្រីម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីជិះម៉ូតូហុងដាឌ្រីមឌុបគ្នាលឿន វ៉ាជែងជ្រុលទៅបុកជាមួយរថយន្តកុងតឺន័របើកច្រាសទិស កាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ក្នុងភូមិភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្មេងស្រីម្នាក់ស្លាប់ភ្លឆមៗនៅកន្លែងឈ្មោះ ហ៊ន លក្ខណា ជាសិស្សរៀននៅអនុវិទ្យាល័យអង្គស្នួល ។
តាមប្រភពបានឱ្យដឹងថា មុនកើតហេតុក្មេងស្រីរងគ្រោះ២នាក់ ក្នុងឯកសណ្ឋានសិស្ស ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1H-4089 ឌុបគ្នាល្បឿនលឿនពីកើតទៅលិច ដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ ស្រាប់តែជ្រុលទៅបុកពីមុខជាមួយរថយន្តកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-9450 សណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-4580 កំពុងបើកលឿនពីលិចទៅកើត បណ្តាលឱ្យស្លាប់ក្មេងស្រីម្នាក់ភ្លាមៗនៅកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ បាក់ដៃ ជើង ។

ក្រោយកើតហេតុក្មេងស្រីរងរបួសម្នាក់ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកអង្គស្នួលដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកសាកសពក្មេងស្រីម្នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងហើយយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

