ភ្នំពេញ៖ បុរសម្នាក់រងរបួសបែកក្បាល ក្រោយរថយន្តមួយគ្រឿងបើកបុកម៉ូតូពីក្រោយពេញទំហឹងនៅតាមបណ្ដោយវិថីចោមចៅ កាលពីវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្ដោយវិថីចោមចៅ ក្នុងសង្កាត់ចោមចៅមួយ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវែង ពាក់ស្លាកលេខព្រៃវែង 1P1962 ធ្វើដំណើរតាមបណ្ដោយវិថីចោមចៅ ក្នុងទិសដៅពី ជើងមកត្បូង លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏មានបុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាក GAC ពណ៍សពាក់ស្លាកលេខភ្នំពេញ 2BY-8949 ធ្វើដំណើរស្របទិសគ្នា មកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូដួល បោកនឹងថ្នល់ អ្នកជិះម៉ូតូពីក្រោយរងរបួសធ្ងន់បែកក្បាល ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមភ្លាមនៅឯមន្ទីរពេទ្យ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខបន្តិចបន្តួច។

ក្រោយពីកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ចជំនាញ នគរបាលចរាចរណ៍ផ្លូវគោកខណ្ឌពោធិ៍សែនជ័យ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងរួចនាំយករថយន្តនិងម៉ូតូយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ត្រយងតូច

