ភ្នំពេញ៖ រថយន្តកាមរីមួយគ្រឿងរងការខូចខាតមួយកំណាត់ខាងមុខ ទៅមុខលែងរួច ក្រោយបើកបុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យរងការខូចខាតរបងដែក នៅតាមបណ្ដោយវិថីឈ្នះឈ្នះ កាលពីវេលាម៉ោង២:៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៤ តាមបណ្ដោយវិថីឈ្នះឈ្នះ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាមពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2J-6003 ធ្វើដំណើរតាមបណ្ដោយវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចមកកើត លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកជាមួយប្រអប់ភ្លើងមួយគ្រឿង បណ្ដាលឱ្យក្រពិត ហើយរថយន្តមិនទាន់អស់ល្បឿនទេ ក៏បន្ដទៅបុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតរបងដែកបាក់វៀច ឯរថយន្តរងការខូចខាតខ្ទិចមួយកំណាត់មុខ កល់កង់ទាំងបួនបើកទៅមុខលែងរួច តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយពីកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ចជំនាញ នគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងរួចស្ទូចរថយន្តបង្កយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ត្រយងតូច

Share.