ភ្នំពេញ ៖ ម៉ូតូស្កុបពីមួយគ្រឿងជិះដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង លឿនជ្រុលទៅបុកខឿនគល់ស្ពានអាកាសផ្លោងខ្ទាតបោកផ្ទប់បង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅគល់ស្ពានអាកាសចោមចៅ ជ្រុងខាងកើត ផ្លូវសហព័ន្ធរុស្សុី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុគេឃើញ ម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1Z-4455 ជិះដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង តាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ពីកើតទៅលិចល្បឿនលឿន លុះដល់ចំណុចកើតហេតុ មិនដឹងថាចង់ទៅតាមគន្លងផ្លូវណាឱ្យប្រាកដ ទើបជ្រុលទៅបុកខឿនគល់ស្ពានអាកាស ផ្លោងខ្ទាតបោកផ្ទប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ សល់តែដង្ហើមចង្រិត ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជូននៅផ្នែកជំនាញខណ្ឌជាបណ្តោះអាសន្ន ៕

អត្ថបទ៖តាតុងសែនជ័យ

