ភ្នំពេញ ៖ រថយន្តចំនួន៣គ្រឿងរងខូចខាត បន្ទាប់ពីបើកបុកបន្តកន្ទុយគ្នា កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តឃ្លុប ម៉ាកហុីយ៉ាន់ដាយ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3F-7476 បើកពីត្បូងទៅជើង ដល់ចំណុចកើតហេតុជាន់ហ្វ្រាំង ដោយសារមានរថយន្តPrius មួយគ្រឿងកំពុងបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែ ម៉ាកFord ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BU-3048 បើកពីត្បូងទៅជើង ហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយ ស្របពេលនោះ ក៏មានរថយន្តឃ្លុប ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-3204 បើកលឿនហ្វ្រាំងមិនទាន់ ជ្រុលបុកពីក្រោយរថយន្តFord បណ្តាលឱ្យរងខូចខាតទាំង៣គ្រឿង ក្នុងនោះរថយន្តFord ខូចខាតធ្ងន់ជាងគេ ។

ក្រោយកើតហេតុ ភាគីទាំង៣ ធ្វើការសម្របសម្រួលគ្នា លើកហេតុផលរៀងខ្លួន មិនត្រូវគ្នាមានតែសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយទៀត ៕

អត្ថបទ÷តាតុងសែនជ័យ

