ភ្នំពេញ ៖ ផ្ទះឈើមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង អស់ទាំងទ្រព្យសម្បត្តិខ្ទេចគ្មានសល់ ម្ចាស់ផ្ទះសល់តែសម្លៀកបំពាក់នៅជាប់នឹងខ្លួន ពោលគ្មានបានយកអ្វីចេញរួច ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវ១៣០ ភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ផ្ទះដែលអគ្គិភ័យឆាបឆេះ ជាសំណង់ឈើលើ ថ្មក្រោម ទំហំ៧ម៉ែត្រx៩ម៉ែត្រ ម្ចាស់ផ្ទះ លោកតា អុឹម ខាត់ អាយុ៨២ឆ្នាំ និងលោកយាយ យឹម លន់ អាយុ៧២ឆ្នាំ រស់នៅផ្ទះកើតហេតុ ។

តាមប្រភពបានឱ្យដឹងថា អគ្គិភ័យខាងលើ ផ្តើមចេញទីឆ្លងចរន្តអគ្គិសនី ភ្លើងឆាបឆេះ សន្ធោសន្ធៅ ម្ចាស់ផ្ទះរងគ្រោះ សុទ្ធតែចាស់ជរា បានអ្នកជិតខាងជួយនាំចេញផុតពីភ្លើង ។ ក្រោយកើតហេតុភ្លាមៗ កម្លាំងអាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចេញទៅអន្តរាគមន៍ផងដែរ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.