ភ្នំពេញ ៖ យុវជន២នាក់បងប្អូនទើបទិញម៉ូតូហុងដាឌ្រីមបានថ្មីៗ មិនទាន់យកទៅដល់ផ្ទះផង ជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកបុកបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ម៉ូតូរងខូចខាតខ្ទេចមួយកំណាត់មុខ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ខកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់បងប្អូន ឈ្មោះ ហឿង មករា ភេទប្រុស អាយុ២០ឆ្នាំ រងរបួសធ្ងន់ ចំណែកប្អូនប្រុស ឈ្មោះ ហឿង រដ្ឋា អាយុ១៧ឆ្នាំ រងរបួសស្រាល មានទីលំនៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ២នាក់បងប្អូន នាំគ្នាមកទិញម៉ូតូហុងដាឌ្រីម នៅរាជធានីភ្នំពេញ បានហើយមិនទាន់ទៅផ្ទះភ្លាមទេ ឆ្លៀតជិះដើរលេងសិន លុះនៅវេលាម៉ោងខាងលើ ក៏ជិះឌុបគ្នាវិលទៅផ្ទះ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ទើបដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង បើកបត់ឆ្លងផ្លូវពីកើតទៅលិចបុកបណ្តាលឱ្យរងរបួសធ្ងន់ស្រាល២នាក់ ម៉ូតូខ្ទេចមួយកំណាត់មុខ រថយន្តបើករត់គេចទៅបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះ២នាក់បងប្អូនត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជូននៅប៉ុស្តិ៍ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.