យោងតាមសារព័ត៌មានអន្តរជាតិ បានចេញផ្សាយថា លោក Pavel Durov ដែលជា ម្ចាស់ និងនាយកប្រតិបត្តិក្រុមហ៊ុន Telegram ត្រូវបានចាប់ខ្លួន នៅព្រលានយន្តហោះ Bourget ស្ថិតនៅក្រៅទីក្រុងប៉ារីស ប្រទេសបារាំង ខណៈដែលលោកធ្វើដំណើរតាម Private Jet ទៅកាន់ទីនោះ។ លោក Durov បានធ្វើដំណើរពី Azerbaijan ទៅកាន់ទីក្រុងប៉ារីស ទាំងដែលលោក បាន ដឹងថា ភ្នាក់ងារប៉ូលិសបារាំង បាននិងកំពុងត្រៀមដើម្បីចាប់ខ្លួនលោក។

បន្ទាប់ពីការចាប់ខ្លួន លោក Durov ត្រូវបានគេរំពឹងថា លោកនឹងបង្ហាញខ្លួននៅក្នុងតុលាការដើម្បីដោះស្រាយការចោទប្រកាន់នេះ។ ជុំវិញការចាប់ខ្លួននេះផងដែរ ស្ថានទូតរុស្ស៊ីប្រចាំប្រទេសបារាំងមិនបានឆ្លើយបំភ្លឺថា ខ្លួនមានជាប់ពាក់ព័ន្ធ ឬអត់នោះទេ។

លោក Pavel Durov បានចាកចេញពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៤ បន្ទាប់ពីបដិសេធមិនធ្វើតាមការទាមទាររបស់រដ្ឋាភិបាល ក្នុងការបិទសហគមន៍ប្រឆាំងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម VK របស់រុស្ស៉ី ។

ព័ត៌មានលម្អិតជុំវិញការចាប់ខ្លួន CEO រូបនេះ នៅមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែមានសេចក្តីរាយការណ៍ថា គាត់ត្រូវបានឃុំខ្លួន ក្រោមដីការចាប់ខ្លួនរបស់អឺរ៉ុប ដែលប្តឹងដោយរុស្ស៊ី ហើយបានចោទប្រកាន់លើករណីផ្សេងៗជាច្រើន រួមទាំងបទញុះញង់ឱ្យមានការស្អប់ខ្ពើម និងផ្សព្វផ្សាយសកម្មភាពខុសច្បាប់ តាមរយៈវេទិកានៃកម្មវិធី Telegram របស់លោក។


លោក Durov ដែលត្រូវទស្សនាវដ្តី Forbes ប៉ាន់ប្រមាណថា មានទ្រព្យសម្បត្តិចំនួនខ្ទង់១៥.៥ពាន់លានដុល្លារ ធ្លាប់និយាយថា រដ្ឋាភិបាលប្រទេសមួយចំនួន បានព្យាយាមដាក់សម្ពាធទៅលើរូបលោក ប៉ុន្តែលោកប្រកាន់ជំហរថា ប្រព័ន្ធ Telegram ដែល ឥឡូវនេះមានអ្នកប្រើប្រាស់ជាប្រចាំរហូតដល់៩០០លាននាក់ គួរតែបន្តបម្រើជា «វេទិកាអព្យាក្រឹតមួយ»៕

ប្រភព៖ AFP

