ដាកា៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យ ទី២៥ ខែសីហា ថា មនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់ និងជាង ៥,២លាននាក់បានរងផលប៉ះពាល់នៅក្នុងប្រទេសបង់ក្លាដែស ដោយសារទឹកជំនន់ ដែលបណ្តាលមកពីភ្លៀងមូសុងមិនឈប់ឈរ និងទឹកតាមដងទន្លេជោរជន់ខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤។

ទឹកជំនន់បានធ្វើឱ្យប្រជាជនជាច្រើនមិនអាចទាក់ទងគ្នាបាន និងត្រូវការអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្លៀកបំពាក់ស្ងួតជាបន្ទាន់ ជាពិសេសនៅតំបន់ដាច់ស្រយាលដែលមានផ្លូវថ្នល់កាត់ផ្ដាច់បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។

ប្រធានទីប្រឹក្សារដ្ឋាភិបាលបណ្ដោះអាសន្ន លោក Mohammad Yunus បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា រដ្ឋាភិបាលបានអនុម័តវិធានការចាំបាច់ទាំងអស់ ដើម្បីធានាឱ្យមានការវិលមករកភាពប្រក្រតីវិញយ៉ាងឆាប់រហ័សសម្រាប់ជនរងគ្រោះដោយទឹកជំនន់ ដោយធ្វើការសម្របសម្រួលជាមួយស្ថាប័នរដ្ឋាភិបាល និងឯកជន។

លោក Yunus ដែលជាអ្នកឈ្នះរង្វាន់ណូបែលសន្តិភាព កំពុងដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដែស ដែលបានស្បថចូលកាន់តំណែងបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina បានភៀសខ្លួនចេញពីប្រទេសបន្ទាប់ពីការបះបោរដឹកនាំដោយនិស្សិតក្នុងខែសីហា នេះ។
ទាក់ទិននឹងបញ្ហានេះ នាយកដ្ឋានឧតុនិយមបង់ក្លាដែស បានព្រមានថា ស្ថានភាពទឹកជំនន់អាចនឹងបន្តកើតមាន ប្រសិនបើភ្លៀងមូសុងនៅតែបន្ត ដោយសារកម្រិតទឹកកំពុងស្រកចុះយឺតខ្លាំង។

ការវិភាគក្នុងឆ្នាំ២០១៥ ដោយវិទ្យាស្ថានធនាគារពិភពលោក បានប៉ាន់ប្រមាណថា ប្រជាជន ៣.៥លាននាក់នៅក្នុងប្រទេសបង់ក្លាដែស ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះនឹងអាកាសធាតុបំផុតនៅលើពិភពលោកបានប្រឈមនឹងហានិភ័យនៃទឹកជំនន់ទន្លេប្រចាំឆ្នាំ។
ជាមួយគ្នា អ្នកវិទ្យាសាស្ត្រសន្មតថា ព្រឹត្តិការណ៍មហន្តរាយបែបនេះកាន់តែធ្ងន់ធ្ងរឡើងដោយសារការប្រែប្រួលអាកាសធាតុ៕

